តុលាការយុត្តិធម៌អន្តរជាតិ(ICJ)នឹងចេញសេចក្តីសម្រេចនៅថ្ងៃសុក្រ ទី២៤ ខែឧសភានេះ លើសំណើរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីបង្គាប់ឱ្យបញ្ឈប់ការវាយលុកនៅទីក្រុង Rafah តំបន់ហ្កាហ្សា ពីសំណាក់ប្រទេសអ៊ីស្រាអែល ។

កាលពីសប្តាហ៍មុន ប្រទេសអាហ្រ្វិកខាងត្បូង បានស្នើទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក ដើម្បីបង្គាប់ឱ្យបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងជាពិសេសនៅទីក្រុង Rafah ដោយនិយាយថា នេះគឺជាការចាំបាច់ដើម្បីធានាបានការរស់រានមានជីវិតរបស់ប្រជាជនប៉ាឡេស្ទីន។

ការទាមទារឱ្យមានវិធានការបន្ទាន់បែបនេះ គឺជាផ្នែកមួយនៃសំណុំរឿងដ៏ធំ ដែលបាននាំមកដោយប្រទេសអាហ្រ្វិកខាងត្បូង នៅចំពោះមុខតុលាការមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍។
សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នាពេលកន្លងមក ត្រូវបានគេមិនអើពើ។
ស្ថាប័នច្បាប់កំពូលរបស់អង្គការសហប្រជាជាតិ ពុំមានវិធីដើម្បីអនុវត្តសេចក្តីសម្រេចរបស់ខ្លួននោះទេ ប៉ុន្តែពួកគេមានទម្ងន់ជាអន្តរជាតិ។
សេចក្តីសម្រេច ប្រឆាំងអ៊ីស្រាអែល អាចបន្ថែមភាពឯកោផ្នែកនយោបាយរបស់ប្រទេសនេះ បន្ទាប់ពីមានការបរាជ័យជាបន្តបន្ទាប់ ក្នុងសប្តាហ៍នេះ។