វេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យ បាននិយាយថា ប្រជាជនប៉ាឡេស្ទីន១២នាក់បានស្លាប់ នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោងធ្លាក់ទៅលើឃ្លាំងមួយកន្លែងរបស់ក្រសួងសុខុមាលភាព នៅភាគខាងកើតទីក្រុង ឌែ អាល់ បាឡា(Deir Al-Balah) តំបន់ហ្កាហ្សាស្ទ្រីបភាគកណ្តាល កាលពីថ្ងៃព្រហស្បតិ៍។
សាកសពនិងអ្នករងរបួស ត្រូវបានគេដឹកយកទៅមន្ទីរពេទ្យ អាល់ អាកសា ម៉ាទី(Al-Aqsa Martyrs) ក្នុងទីក្រុង Deir Al-Balah។

លោកវេជ្ជបណ្ឌិត ខាលី អាល់ដេហ្គ្រាន(Khalil al Degran) បាននិយាយថា មនុស្ស១២នាក់ បានស្លាប់ក្នុងអំឡុងពេលការបាញ់ផ្លោងសម្លាប់រង្គាល ភាគច្រើនជាស្ត្រីនៅទីក្រុង Deir Al-Balah។
ទាំងនេះត្រូវបានកំណត់គោលដៅដោយការបាញ់ផ្លោងពីរថក្រោះ។ សាកសពភាគច្រើន ត្រូវបានឆេះខ្លោច ហើយអ្នករងរបួសជាង៣០នាក់ បានទៅដល់មន្ទីរពេទ្យ។
លោកបាននិយាយបន្ថែមថា មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យដែលនៅសល់តែមួយគត់នៅភាគកណ្តាលតំបន់ហ្កាហ្សា អាចឈប់ដំណើរការដោយសារតែខ្វះប្រេងសម្រាប់ម៉ាស៊ីនភ្លើង។

ប្រជាជន និយាយថា រថក្រោះអ៊ីស្រាអែល បានរុលចូលទៅមុខទៅភាគអាគ្នេយ៍ទីក្រុង Rafah ឆ្ពោះទៅកាន់សង្កាត់ Yibna ភាគខាងលិចទីក្រុង ហើយបន្តប្រតិបត្តិការនៅតំបន់ជាយក្រុងភាគខាងកើតចំនួនបីតំបន់។
ការវាយលុករបស់អ៊ីស្រាអែល ក្នុងពេលដំណាលគ្នានៅតំបន់ជាយភាគខាងជើង និងជាយខាងត្បូង តំបន់ហ្កាហ្សាក្នុងខែនេះ បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ជម្លៀសខ្លួនជាថ្មីទៀត ជាអ្នកដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេម្តងរួចមកហើយ ហើយការវាយលុកនេះ បានកាត់ផ្តាច់ផ្លូវចូលសំខាន់ៗសម្រាប់ការដឹកជញ្ចូនជំនួយ ដែលបង្កើនហានិភ័យនៃគ្រោះទុរ្ភិក្ស។