នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ គណប្រជាជនកម្ពុជា ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបចំពិធីបិទក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុក អាណត្តិទី៤ ដែលប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម ខូវ លី សមាជិកគណៈកម្មការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តចុះជួយក្រុងសំរោង រួមទាំងសមាជិកសមាជិការមកពីតាមណ្តាលសង្កាត់ចូលរួមយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានមានមតិចំណាប់អារម្មណ៍ស្វាគមន៍រួចមក ឯកឧត្តម ខូវ លី បានលើកឡើងថា ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុក នៅពេលនេះបងប្អូនដែលជាសមាជិកសមាជិការទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការសម្រេចចិត្ត និងត្រៀមលក្ខណៈសម្បត្តិ ឲ្យបានល្អ ប្រសើរសម្រាប់ធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ។
ឯកឧត្តម ខូវ លី បានបន្តថា សមាជិកសមាជិកមកពីតាមបណ្តាល ឃុំសង្កាត់ទាំងអស់នៅពេលបងប្អូនធ្វើដំណើរវិលត្រលប់ទៅតាមមូលដ្ឋានរៀងៗរបស់ខ្លួនត្រូវរក្សាសុខភាពរបស់បងប្អូនឲ្យបានល្អ មិនត្រូវហូបគ្រឿងស្រវឹងនោះទេ គឺធ្វើយ៉ាងណាត្រូវរក្សាភាពស្ងៀមស្ងាត់ និងមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាពរបស់ខ្លួន ជៀសវាងមានបញ្ហាប្រឈមណាមួយបានកើតឡើងធ្វើឲ្យមានការខកខានមិនបានទៅបោះឆ្នោតនោះ។
យ៉ាងណាម៉ិញលោកស្រី តាន់ សួគា ប្រធាន គណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សម្រាប់ការឃោសនាថ្ងៃលើកដំបូងរហូតមកដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុងស្រុក របស់គណៈបក្សនានាបានប្រព្រឹត្តិទៅប្រកបដោយភាពរលូន និងពុំមានបណ្តឹងអ្វីណាមួយបានកើតឡើងនោះទេ។
ដោយឡែកសម្រាប់ខេត្តឧត្តរមានជ័យ មានការិយាល័យបោះឆ្នោតមានចំនួន៥ ការិយាល័យ នៅតាមបណ្តាលក្រុងស្រុកនីមួយៗ និងមានសមាជិកសមាជិការសរុបនៃអង្គបោះឆ្នោតចំនួន១៥២នាក់ ផងដែរ៕








