អាមេរិក៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ខែដោយមានអ្នកឆ្លងជាង ១០ម៉ឺននាក់ត្រូវបានរាយការណ៍កាលពីថ្ងៃពុធ (៤ សីហា) ខណៈវីរុសបម្លែងខ្លួនថ្មី Delta វាយលុកពេញតំបន់ជាច្រើន ជាទីដែលមនុស្សមិនបានចាក់វ៉ាក់សាំង។

គិតត្រឹមថ្ងៃពុធទិន្នន័យរបស់សារព័ត៌មាន Reuters បានបង្ហាញថា ប្រទេសនេះកំពុងរាយការណ៍ករណីឆ្លងចំនួន ៩៤.៨១៩ករណីជាមធ្យមក្នុងរយៈពេល ៧ថ្ងៃដែលជាការកើនឡើង ៥ដងក្នុងរយៈពេលតិចជាងមួយខែ។ អ្នកសម្របសម្រួលបញ្ហាជំងឺឆ្លង COVID-19 ប្រចាំសេតវិមាន លោក Jeff Zients បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋចំនួន ៧ នៅសហរដ្ឋអាមេរិកដែលមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាបបំផុតគឺរដ្ឋ Florida, រដ្ឋ Texas, រដ្ឋ Missouri , រដ្ឋ Arkansas, រដ្ឋ Louisiana, រដ្ឋ Alabama និងរដ្ឋ Mississippi មានចំនួនពាក់កណ្ដាលនៃករណីឆ្លងថ្មីរបស់ប្រទេស និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីសប្ដាហ៍មុន។
អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយកាលពីថ្ងៃពុធថា នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះករណីឆ្លងអាចកើនឡើងទ្វេដងដល់ជាង ២០ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយសារការឆ្លងខ្លាំងនៃវីរុសបម្លែងខ្លួនថ្មី Delta៕
អត្ថបទ៖ សុខមាន