ប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅថ្ងៃសុក្រទី២៤ឧសភានេះ ថា អគ្គិភ័យដ៏ធំមួយ ដែលបានឆាបឆេះទូទាំងប្លុកអឹផាតមិន តូចមួយនៅកណ្ដាលទីក្រុងហាណូយ (Hanoi) បានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់ និង៣នាក់រងរបួស។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បាននិយាយថា អគ្គិភ័យនេះ បានកើតឡើងនៅម៉ោងប្រហែល១២និង៣០នាទី ឈានចូលថ្ងៃសុក្រនេះ និងមានទំហំធំ ខណៈមានការផ្ទុះមួយចំនួន ។
ក្រុមមន្ត្រីក្នុងតំបន់និយាយថា គិតត្រឹមម៉ោង៦ និង២០នាទី ព្រឹកនេះ មនុស្ស១៤នាក់ បានស្លាប់ និង៣នាក់រងរបួស។
គេនៅពុំទាន់បានដឹងច្បាស់នៅឡើយទេ ថាតើ មានមនុស្សប៉ុន្មាននាក់នៅក្នុងអឹផាតមិននោះ នៅពេលមានអគ្គិភ័យ។ យ៉ាងណា អណ្ដាតភ្លើង ត្រូវបានពន្លត់ជាស្ថាពររយៈពេលមួយម៉ោងក្រោយ។

ជាន់ក្រោមអគារនោះ ត្រូវគេរាយការណ៍ថា បានប្រើប្រាស់សម្រាប់លក់ និងជួសជុល កង់អគ្គិសនី។
អ្នកជិតខាងម្នាក់ដែលបាននិយាយទៅកាន់សារព័ត៌មាន AFP សុំមិនបញ្ចេញឈ្មោះ បាននិយាយថាអ្នកស្រី បានលឺសំឡេងផ្ទុះដូចគេ ដុតកាំជ្រួចភ្ញីអញ្ចឹង៕