ភ្លៀងធ្លាក់ខ្លាំងម្តងទៀតបានវាយលុកផ្នែកខ្លះនៃរដ្ឋចុងភាគខាងត្បូងរបស់ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ដោយបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងសម្អាតរយៈពេលជាច្រើនថ្ងៃ និងជន់លិចតំបន់មួយចំនួន ដែលពីមុនមិនត្រូវបានប៉ះពាល់ នៅរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) នៃទីក្រុង ផតតូ អាលេហ្ក្រេ (Porto Alegre)។

ទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងរយៈពេលមួយខែកន្លងមកនេះ បានសម្លាប់មនុស្ស ១៦៣ នាក់ និងជម្លៀសមនុស្សប្រហែល ៦០ ម៉ឺននាក់ទៀត ខណៈមនុស្ស ៦៤ នាក់កំពុងបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយអាជីវកម្មនានាចាប់ផ្ដើមបើកទ្វារ ហើយអ្នកស្រុកកំពុងធ្វើការសាងសង់ឡើងវិញ។

ប៉ុន្តែមេឃបានបង្អុលភ្លៀងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់ ផតតូ អាលេហ្ក្រេ ម្តងទៀត។ ក្នុងរយៈពេល ១២ ម៉ោង ផ្នែកខ្លះនៃទីក្រុងនេះ បានទទួលភ្លៀងធ្លាក់ច្រើនជាងធម្មតាក្នុងរយៈពេលមួយខែ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានឧតុនិយមជាតិ។
ទឹកជំនន់កាលពីថ្ងៃព្រហស្បតិ៍ នេះក៏បានវាយលុកផ្នែកនានានៃទីក្រុង ផតតូ អាលេហ្ក្រេ ដូចជានៅភាគខាងត្បូង ដែលពីមុនមិនធ្លាប់មានគ្រោះមហន្តរាយបែបនេះ៕
