ព្រះសីហនុ៖ កងទ័ពជើងទឹកកម្ពុជា-ចិន បានធ្វើសមយុទ្ធជាលើកដំបូងមិនធ្លាប់មាន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។ នេះបើយោងតាមអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។
សមយុទ្ធរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិន មានរយៈពេល១២ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី១៦ដល់ថ្ងៃទី២៧ ខែឧសភា នៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ។ សមយុទ្ធនេះត្រូវគេឲ្យឈ្មោះថា "សមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៤" ដែលមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប៧៨២នាក់ នាវាចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រ ០២គ្រឿង ក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ។
មន្ត្រីអ្នកនាំពាក្យអគ្គបញ្ជាការ បានបញ្ជាក់ឲ្យដឹងទៀតថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្តូរពិសោធន៍ ការបង្កើនសមត្ថភាព លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទប់ទល់នឹងបញ្ហាប្រឈមនានា រួមចំណែកក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់៕ អត្ថបទ បាន ចក់









