ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ថា មេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុន នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជិត ៥ ឆ្នាំនៅសប្តាហ៍ក្រោយនេះក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧។

លោកប្រធានាធិបតី យ៉ុន សុកយ៉ុល (Yoon Suk Yeol) នឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) នៅរដ្ឋធានីកូរ៉េខាងត្បូងនៅថ្ងៃចន្ទ (២៧ ឧសភា) នេះបើតាមអនុប្រធានសន្តិសុខជាតិរបស់ទីក្រុងសេអ៊ូល លោក គីម តែហូ (Kim Tae-hyo) បានប្រាប់អ្នកយកព័ត៌មាន។

លោក គីម បានបន្ថែមថា លោក យ៉ុន នឹងធ្វើកិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយលោក លី និងលោក គីស៊ីដា នៅថ្ងៃអាទិត្យ (២៦ ឧសភា) ហើយមេដឹកនាំទាំងបីក៏គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និង «លើកទឹកចិត្តអ្នកជំនួញមកពីប្រទេសទាំងបី» ផងដែរ។
លើកចុងក្រោយដែលមេដឹកនាំនៃប្រទេសទាំងបីបានជួបគ្នាគឺនៅឆ្នាំ២០១៩ មួយផ្នែកដោយសារជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែក៏ដោយសារតែជម្លោះការទូត និងប្រវត្តិសាស្ត្ររវាងកូរ៉េខាងត្បូង និងអតីតមេដឹកនាំអាណានិគមជប៉ុន។

ជម្លោះផ្លូវច្បាប់លើការគ្រប់គ្រងឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ របស់ប្រទេសជប៉ុន លើឧបទ្វីបកូរ៉េ នៅតែបន្តកើតមានរវាងប្រទេសទាំងពីរ ប៉ុន្តែជាមួយនឹងការគម្រាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយក្រុងព្យុងយ៉ាង លោកប្រធានាធិបតីកូរ៉េខាងត្បូង បានលុបស្លាកស្នាមប្រវតិ្តសាស្រ្តជាមួយជប៉ុន ខណៈពេលដែលការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោន៕