អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសដ៏បំផ្លិចបំផ្លាញទៅលើតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ដែលបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈពេលដែលខ្លួនក៏បង្ហាញពីការត្រៀមលក្ខណៈដើម្បីបន្តការចរចារដែលជាប់គាំងលើកិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស ដើម្បីផ្អាកសង្គ្រាមដែលកំពុងកើនឡើងចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។

ការប្រយុទ្ធគ្នាតាមដងផ្លូវដ៏ខ្លាំងក្លាក៏បានផ្ទុះឡើងនៅក្នុងជំរំ ចាបាលីយ៉ា (Jabalia) និងក្រុងរ៉ាហ្វា (Rafah) របស់តំបន់ហ្កាហ្សា ជាទីដែលក្រុមហាម៉ាស និងក្រុមសម្ព័ន្ធមិត្ត អ៊ីស្លាមជីហាដ បាននិយាយថា ពួកគេបានបាញ់កាំភ្លើងត្បាល់ទៅលើកងទ័ពអ៊ីស្រាអែល។ សម្ពាធអន្តរជាតិសម្រាប់បទឈប់បាញ់មួយបានកើនឡើងលើអ៊ីស្រាអែល និងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ខណៈដែលប្រទេសអឺរ៉ុបចំនួនបី បាននិយាយកាលពីថ្ងៃពុធ ថាពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

លោក ណេតាន់យ់ាហ៊ូ បានប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីធានាថាហេតុការណ៍ដូចថ្ងៃ០៧ តុលា មិនកើតឡើងម្ដងទៀត ប៉ុន្តែការិយាល័យរបស់លោកក៏បាននិយាយផងដែរថា គណៈរដ្ឋមន្ត្រីសង្គ្រាមបានស្នើឱ្យក្រុមចរចាអ៊ីស្រាអែល «បន្តកិច្ចចរចាសម្រាប់ការវិលត្រឡប់របស់ចំណាប់ថ្នូរ»។
កិច្ចចរចាបទឈប់បាញ់លើកមុន ដែលមានការចូលរួមពីអ្នកសម្រុះសម្រួលរបស់អាមេរិក អេហ្ស៊ីប និងកាតា បានបញ្ចប់ភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហាររបស់ខ្លួនលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងកាលពីដើមខែនេះ។ អ៊ីស្រាអែល បានបន្តការវាយលុកលើទីក្រុងមួយនេះដោយទាហានជើងគោករបស់ខ្លួន ដែលនេះជាការផ្គើននឹងការប្រឆាំងជាសាកលរួមទាំងសម្ព័ន្ធមិត្តកំពូលរបស់ខ្លួន គឺសហរដ្ឋអាមេរិក៕
