នៅថ្ងៃទី២៤ ខែឧសភានេះ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គណបក្ស ហ៊ុន ស៊ិនប៉ិច បានរៀបចំពិធីចួបជុំសមាជិក-សមាជិកា ប្រមាណជាង១០០នាក់ ស្ថិតនៅទីស្នាក់កណ្តាលគណបក្ស ហ្វ៊ុន ស៊ិនប៉ិច រាជធានីភ្នំពេញ។
លោក អ៊ុក វុទ្ធី ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានប្រាប់BTVឱ្យដឹងថា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់នេះ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានគោរពតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសង្កេតឃើញថា ដំណើរការឃោសនាបោះឆ្នោតក្នុងអាណត្តិនេះ ប្រព្រឹត្តិទៅដោយរលូនមិនមែនបញ្ហាអ្វីមួយកើតឡើងនោះទេ។
ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឫហៅថា ក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៧:០០ព្រឹក រហូតដល់ ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ២០៩ ការិយាល័យ នៅទូទាំងប្រទេសកម្ពុជា ដែលមានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងសរុបនៅទូទាំងប្រទេសចំនួន ១១,៦២២នាក់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤នេះ មានគណបក្សចំនួន៥ បានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែង ដែលក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្ស ហ៊្វុន ស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ អត្ថបទ៖ទូច សោភ័ណ



