ភ្នំពេញ ៖ យប់ថ្ងៃទី៥ ខែសីហានេះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៨២៨នាក់ ហើយបានបញ្ជូនទៅកាន់តុលាការចំនួន១៤នាក់ បន្ទាប់ពីគេបានល្មើស នឹងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទdelta ខណៈមេរោគនេះបានកំពុងរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញនោះ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ដែលហៅកាត់ថា គ.អ.ក. នាព្រឹកថ្ងៃទី៦ ខែសីហានេះ បានឲ្យដឹងថា កងកម្លាំងបានធ្វើការចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចំនួន៤១៩ករណី ហើយឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យបានចំនួន៨២៨នាក់ ហើយក្នុងនោះបានបញ្ជូនទៅកាន់តុលាការចំនួន១៤ បន្ទាប់ពីអ្នកទាំង១៤នេះ បានប្រព្រឹត្តមានលក្ខណៈធ្ងន់ធ្ងរនោះ។
សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា ក្រៅពីធ្វើការឃាត់ខ្លួនមនុស្សអាជ្ញាធរក៏បានឃាត់យានយន្តបានចំនួន៣៣០គ្រឿង និងធ្វើការផាកពិន័យបានលុយចំនួន៤៤លានរៀលផងដែរ ខណៈការអនុវត្តវិធានការរបស់អាជ្ញាធរនេះគឺគ្មានការលើកលែងនោះឡើយ។ រហូតមកដល់ថ្ងៃទី៦ ខែសីហានេះ មានមនុស្សចំនួន៣២នាក់ហើយ ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្ទាប់ពីពួកគេទាំងនោះ បានប្រព្រឹត្តល្មើសនឹងបម្រាមគោចររបស់រដ្ឋបាលភ្នំពេញធ្ងន់ធ្ងរនោះ។
សូមបញ្ជាក់ថា ចាប់ពីពេលនេះ តទៅសម្រាប់បុគ្គលដែលល្មើសនឹងបម្រាមគោលចរ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ ខណៈវិធានការក្តៅរបស់អាជ្ញាធររាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទdeltaនេះ ដែលបានរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញនោះ។
ទាក់ទងនឹងបម្រាមគោចរនេះដែរ លោកកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺដើម្បីសេចក្តីសុខរបស់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការរឹតត្បិតសិទ្ធិសេរីភាពរបស់បងប្អូននោះទេ៕
អត្ថបទ បាន ចក់

