យោងតាមមន្ទីរពេទ្យបាងកកដែលបានព្យាបាលអ្នកដំណើរមួយចំនួន ឲ្យដឹងថា មនុស្សជាង២០ នាក់នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលបានជួបភាពច្របូកច្របល់ដ៏ធ្ងន់ធ្ងរដោយសារខ្យល់កួចពេលកំពុងហោះហើរកាលពីថ្ងៃអង្គារទី២១ឧសភា សប្ដាហ៍នេះ នៅតែស្ថិតក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ លើរបួសឆ្អឹងខ្នង ខួរក្បាល និងលលាដ៍ក្បាល។

នាយកមន្ទីរពេទ្យ លោក អាឌីនុន គីទីរតនាផៃបុល (Adinun Kittiratanapaibool) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មន្ទីរពេទ្យ សាមីទីវ៉េច ស្រីណាការិន (Samitivej Srinakarin) ក្នុងរាជធានីថៃ កំពុងព្យាបាលអ្នកជំងឺ ២២ នាក់ដែលមានរបួសឆ្អឹងខ្នង ៦នាក់ របួសលលាដ៍ក្បាល និង ១៣ នាក់ទៀត សម្រាប់ការអ្នកដំណើរដែលបានត្អូញត្អែរថាពួកគេឈឺចាប់ក្នុងឆ្អឹងនិង សាច់ដុំ ជាដើម។
វេជ្ជបណ្ឌិតរូបនេះ បានបន្ថែមថា អ្នកជំងឺចំនួន១៧ នាក់បានទទួលការវះកាត់ រួមទាំងនីតិវិធីចាប់ពីការដេរ រហូតដល់ការវះកាត់ឆ្អឹងខ្នង។ បុរសជនជាតិអង់គ្លេស ម្នាក់បានស្លាប់ក្នុងហេតុការណ៍នេះ ។

យោងតាមទិន្នន័យតាមដានការហោះហើរ បានឲ្យដឹងថា ជើងហោះហើរ SQ321 ចេញពីទីក្រុងឡុងដ៍្រ ទៅកាន់ប្រទេសសិង្ហបុរី បានធ្វើដំណើរក្នុងល្បឿន ៣៧.០០០ ហ្វីត កាលពីថ្ងៃអង្គារ នៅពេលយន្តហោះបានទម្លាក់រយៈកម្ពស់ភ្លាមៗ មុនពេលឡើងដល់រយហ្វីត បន្ទាប់មក ទម្លាក់រយៈកម្ពស់ម្តងហើយម្តងទៀត ហើយបានដំឡើងកម្ពស់ប្រហែលមួយនាទី៕