សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន រួមទាំងចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី អាល្លឺម៉ង់ និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃសុក្រ (២៤ ឧសភា) នេះដោយអំពាវនាវឱ្យកោះតៃវ៉ាន់ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់មួយគឺសន្និបាតសុខភាពពិភពលោក (WHA) របស់អង្គការ WHO ដែលចាប់ផ្តើមនៅថ្ងៃទី២៧ ខែឧសភា នេះ។

កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់របស់ចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាទឹកដីរបស់ខ្លួន។
សេចក្តីថ្លែងការណ៍រួមដែលចេញដោយស្ថានទូតតាមជាក់ស្ដែងនៃសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនៅទីក្រុងតៃប៉ិ និយាយថា ខណៈដែលសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតសុខភាពពិភពលោកឆ្នាំនេះ ចាប់ផ្តើមនៅទីក្រុងហ្សឺណែវ ការអញ្ជើញកោះតៃវ៉ាន់ ជាអ្នកសង្កេតការណ៍នឹងបង្ហាញយ៉ាងល្អបំផុតនូវការប្តេជ្ញាចិត្តរបស់អង្គការសុខភាពពិភពលោកចំពោះវិធីសាស្រ្ត «សុខភាពសម្រាប់ទាំងអស់គ្នា» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួន ដែលមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ បានអំពាវនាវម្តងហើយម្តងទៀត ឱ្យកោះតៃវ៉ាន់ ត្រូវបានអនុញ្ញាតឱ្យចូលរួម ដោយធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារយ៉ាងខ្លាំង។

ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយនៅខែនេះថា វាជាកំហុសរបស់បក្សកាន់អំណាចរបស់តៃវ៉ាន់ ដែលកោះនេះមិនអាចចូលរួមសន្និបាត WHA បានដោយសារ «កង្វះមូលដ្ឋាននយោបាយ»។ អង្គការ WHO និយាយថា ការចូលរួមរបស់តៃវ៉ាន់ គឺទុកឱ្យរដ្ឋសមាជិកជាអ្នកសម្រេចចិត្ត៕
