នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៣នៅរាជធានីភ្នំពេញ បានធ្វើសកម្មភាពបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ ហើយនៅក្នុងដំណើរការឃោសនាបោះឆ្នោតនេះ បណ្តាគណបក្សនយោបាយបានអនុវត្តគោលការណ៍ណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានល្អប្រសើរ និងមានសណ្តាប់ធ្នាប់ល្អ។
លោក ស៊ីម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ថ្លែងថា នៅរាជធានីភ្នំពេញ នាព្រឹកនេះ មានគណៈបក្សនយោបាយចំនួនបី បានធ្វើសកម្មភាពបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅតាមបណ្តាខណ្ឌទាំង១៤ ដោយបានប្រមូលផ្តុំជួបជុំសមាជិកសមាជិការបក្សចំនួនប្រមាណ ៥០០នាក់ក្នុងមួយក្បួន និងហែក្បួនទៅតាមតម្រាយផ្លូវដែលបានស្នើសុំទៅ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពឃោសនាបិទយុទ្ធនាការ តាមរយៈការជួបជុំគ្នានៅទីស្នាក់ការបក្សតាមបណ្តាខណ្ឌរបស់ខ្លួនផងដែរ។
លោកបន្តថា យុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌអណត្តិទី៤ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ គឺមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ មិនមានបាតុភាពអ្វីកើតឡើងនោះទេ ពោលកម្លាំងការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ចម្រុះ មានកងកម្លាំងនគរបាល កងអាវុធហត្ថ កងប្រជាការពារ និងកម្លាំងរៀបចំសណ្តាប់ធ្នាប់តាមបណ្តាគណបក្ស គឺបានធ្វើការសហការគ្នាល្អ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោតនេះ មានភាពរលូន។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខ័ណ្ឌ នៅក្នុងរាជធានីភ្នំពេញ មានអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់នៅក្នុងតំណែង មានចំនួន ៨៩៩រូប និងមានការិយាល័យបោះឆ្នោតចំនួន១៤ នៅតាមបណ្ដាខណ្ឌនីមួយនៃរាជធានីភ្នំពេញ៕ អត្ថបទ ស៊ុម សុខជា