អ្នកលក់ផលិតផលខ្មែរ ក៏ដូចជាក្រុមអាជីវករបានអំពាវនាវទៅកាន់សាធារណជនបន្តគាំទ្រផលិតផលក្នុងស្រុកឲ្យច្រើនជាងផលិតផលដែលនាំចូលដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នកផលិត ខណៈក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មថៃនៅកោះពេជ្រចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤នេះ មានពលរដ្ឋជាច្រើនបានចូលរួមគាំទ្រផលិតផលក្នុងស្រុក។
អ្នកស្រី ម៉ន សារឿត ម្ចាស់សិប្បកម្ម ខ្មែរ ហ្គោលឌិន សៀល (Khmer Golden Silk) មកពីខេត្តសៀមរាប ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះថា ក្រោយបើកដំណើរការអាជីវកម្ម ផលិតផល ដែលផលិតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ១០០%នេះ អ្នកស្រីពិតជារំភើប និងសប្បាយចិត្តណាស់ នៅពេលដែលឃើញសម្ទុះនៃការគាំទ្រផលិតផលជាតិជាបន្តបន្ទាប់។ ជាមួយនេះអ្នកស្រីបានសំណូមពរប្រជាពលរដ្ឋខ្មែរបន្តជួយគាំទ្រផលិតផលខ្មែរ ដើម្បីជាកម្លាំងចិត្តដល់អ្នកផលិត និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។
លោក អ៊ូ ផានិត តំណាងសិប្បកម្ម ហ្វាង តុង ផលិតកាបូប ស្បែកជើង និងខ្សែក្រវ៉ាតស្បែក ស្នាដៃកូនខ្មែរ បានលើកឡើងថា មកដល់ពេលនេះបានបើកអាជីវកម្មទាំងនេះរយៈពេល៣ឆ្នាំមកហើយ។ លោកបានបន្តថា គ្រប់ផលិតផលទាំងអស់របស់សិប្បកម្មលោក ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ភ្ញៀវជាតិ និងបរទេស ថែមទាំងលក់ដាច់ចេញច្រើនផងដែរ ទោះបីជាការចំណេញតិច ប៉ុន្តែការគាំទ្រមានច្រើនជាបន្តបន្ទាប់។ ក្នុងឱកាសនោះលោកក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ឲ្យបន្តជួយគាំទ្រផលិតផលខ្មែរកាន់តែច្រើនថែមទៀតដើម្បីជួយបង្កើតការងារជូនពលរដ្ឋខ្មែរក៏ដូចជាជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើនទាំងអស់គ្នា។
សូមបញ្ជាក់ថា សមាគមពាណិជ្ជកម្មថៃប្រចាំកម្ពុជា បានចាប់ផ្តើមរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្ម រវាងប្រទេសថៃ និងប្រទេសកម្ពុជា ដែលស្តង់សរុបជាង ១០០ស្តង់ ក្នុងនោះផលិតផលក្នុងស្រុកមកពីតំបន់ផ្សេងៗគ្នាចំនួន ១០ស្តង់ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី









