ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានកែសម្រួលវិធានការបម្រើសេវាកម្មរបស់ខ្លួនក្នុងអំឡុងពេលកំពុងហោះហើរ បន្ទាប់ពីហេតុការណ៍ចលាចលលើជើងហោះហើរ SQ321។ បន្ថែមពីលើការផ្អាកការបម្រើភេសជ្ជៈក្តៅ ពេលនេះក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងបញ្ឈប់ការបម្រើអាហារផងដែរ នៅពេលដែលស្លាកសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាពត្រូវបានបើកក្នុងពេលកំពុងហោះហើរ។

ក្រុមហ៊ុនអាកាសចរណ៍ SIA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ថា វិធានការថ្មីនេះគឺជាផ្នែកមួយនៃ «វិធីសាស្រ្តប្រុងប្រយ័ត្នបន្ថែមទៀត» ដើម្បីគ្រប់គ្រងភាពចលាចលក្នុងជើងហោះហើរ ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA អំពីការបម្រើសេវាកម្មកាប៊ីនដែលបានកែប្រែ បន្ទាប់ពីមានឧបទ្ទវហេតុនៅលើជើងហោះហើរ SQ321 ។

កាលពីថ្ងៃអង្គារ ជើងហោះហើរ ទីក្រុងឡុងដ៍្រ-សិង្ហបុរី មួយនេះត្រូវបានប៉ះពាល់ដោយភាពចលាចលលើអាកាសភ្លាមៗ និងធ្ងន់ធ្ងរនៅលើសហភាពមីយ៉ាន់ម៉ា ហើយត្រូវបង្ខំចិត្តបង្វែរទិស និងចុះចតទៅទីក្រុងបាងកក។ មនុស្សម្នាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួស ដោយអ្នកខ្លះធ្ងន់ធ្ងររហូតត្រូវចូលសង្រ្គោះបន្ទាន់។

គោលការណ៍បច្ចុប្បន្នរបស់បុគ្គលិកអាកាសចរណ៍ក្នុងការធានានូវរបស់របរ និងឧបករណ៍ទាំងអស់នៅក្នុងកាប៊ីនក្នុងអំឡុងពេលអាកាសធាតុមិនល្អ នឹងនៅតែបន្ត។ បន្ថែមពីលើការផ្អាកបម្រើអាហារ និងភេសជ្ជៈ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានបន្ថែមថា បុគ្គលិកក៏នឹងត្រឡប់ទៅកន្លែងអង្គុយរបស់ពួកគេវិញ និងដំណើរការវិធានការសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ នៅពេលសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាពត្រូវបានបើក៕