មន្ត្រីសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយហាម៉ាស បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦០នាក់ នៅក្នុងការវាយប្រហារតាមអាកាស និងតាមជើងគោក នៅ ទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ហើយបានប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមហាម៉ាស នៅក្នុងតំបន់នៃទីក្រុងរ៉ាហ្វាភាគខាងត្បូង។

អ្នកស្រុក បាននិយាយថា រថក្រោះអ៊ីស្រាអែល បានរុលទៅមុខនៅភាគអាគ្នេយ៍នៃទីក្រុងរ៉ាហ្វាឆ្ពោះទៅកាន់សង្កាត់យីបណា (Yibna)ភាគខាងលិចរបស់ទីក្រុងនេះ ហើយបន្តប្រតិបត្តិការ នៅតំបន់ជាយក្រុងភាគខាងកើតចំនួនបី។
អ្នកស្រុកម្នាក់ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា៖«ការកាន់កាប់នេះ (កងកម្លាំងអ៊ីស្រាអែល) កំពុងព្យាយាមផ្លាស់ទីបន្ថែមទៀតទៅភាគខាងលិច ពួកគេកំពុងស្ថិតនៅជាយនៃសង្កាត់យីបបា ដែលមានប្រជាជនរស់នៅយ៉ាងច្រើនកកកុញ។ ពួកគេមិនទាន់បានឈ្លានពានវានៅឡើយទេ។
គាត់បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«យើងឮការផ្ទុះ ហើយយើងឃើញផ្សែងខ្មៅចេញពីតំបន់ដែលកងទ័ពបានលុកលុយ។ វាគឺជាយប់ដ៏លំបាកមួយទៀត»។

ការវាយលុករបស់អ៊ីស្រាអែលក្នុងពេលដំណាលគ្នាទៅលើជាយភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ក្នុងខែនេះ បានបណ្តាលឲ្យមានការភៀសខ្លួនថ្មីនៃប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយបានកាត់ផ្តាច់ផ្លូវចូលសំខាន់ៗសម្រាប់ជំនួយ ដែលបង្កើនហានិភ័យនៃគ្រោះទុរ្ភិក្ស។