ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានស្វាគមន៍ប្រធានាធិបតី ប្រទេសកេនយ៉ា លោក William Ruto ទៅកាន់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដោយបានសន្យានូវយុគសម័យថ្មីនៃភាពជាដៃគូលើបច្ចេកវិទ្យា សន្តិសុខ និងការបន្ធូរបន្ថយបំណុល ដល់មេដឹកនាំលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំបំផុតមួយនៅអាហ្វ្រិក។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួម លោក Biden បាននិយាយថា លោកនឹងចាត់តាំងប្រទេសកេនយ៉ា ជាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិកដំបូងគេ ដើម្បីក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់ពុំមែនសម្ព័ន្ធយោធាណាតូ។

ដំណើរទស្សនកិច្ចរបស់លោក Ruto គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ធ្វើឡើងដោយប្រធានាធិបតីអាហ្វ្រិក ទៅកាន់សេតវិមាន ចាប់តាំងពីឆ្នាំ២០០៨មក ខណៈទីក្រុងវ៉ាស៊ីនតោនព្យាយាមស្តារទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទ្វីបនេះ។
ថ្មីៗនេះ សហរដ្ឋអាមេរិក បានផ្តោតលើសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សា ហើយប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មទ្វេភាគីធំបំផុតរបស់ទ្វីបអាហ្រ្វិក។ មេដឹកនាំ បានប្រកាសពីការវិនិយោគថ្មីគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងថាមពលបៃតង និងការផលិតផ្នែកសុខភាព រួមជាមួយផែនការលម្អិតមួយដើម្បីកាត់បន្ថយបំណុលខ្ពស់របស់ប្រទេសកេនយ៉ា ដែលបន្ទុកភាគច្រើនជំពាក់ប្រទេសចិន។
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក បានប្រកាសពីការវិនិយោគថ្មីចំនួន២៥០ លានដុល្លារ នៅក្នុងប្រទេសកេនយ៉ា តាមរយៈក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និយាយថា ក្នុងនេះរួមមាន១៨០លានដុល្លារ សម្រាប់គម្រោងលំនៅឋានមានតម្លៃសមរម្យ។ មេដឹកនាំទាំងពីរ បានធ្វើការអំពាវនាវរួមគ្នា សម្រាប់សហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយបន្ទុកបំណុលដ៏ធ្ងន់របស់ប្រទេសនានាដែលកំពុងអភិវឌ្ឍន៍ និងធ្វើការងារបន្ថែមទៀតដើម្បីជួយដល់ប្រទេសក្រីក្រ ដែលចង់វិនិយោគលើការអភិវឌ្ឍន៍ និងបច្ចេកវិទ្យាអាកាសធាតុ។ មេដឹកនាំទាំងពីរ ក៏បានអំពាវនាវឱ្យសភាសហរដ្ឋអាមេរិក អនុម័តសេចក្តីច្បាប់ដើម្បីបន្តកតិកាសញ្ញាពាណិជ្ជកម្មអាមេរិក-អាហ្វ្រិក។
