ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត ដែលអនុញ្ញាតឱ្យរឹបអូសទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងវ៉ាស៊ីនតោន រឹបអូសទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្រោមទណ្ឌកម្ម។ ក្រឹត នេះចែងថា ទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក រួមទាំងទ្រព្យសកម្ម និងមូលប័ត្ររបស់ពលរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី អាចត្រូវបានប្រើប្រាស់ដើម្បីទូទាត់សងការខូចខាត ពីការរឹបអូសទ្រព្យសកម្មផ្ទាល់ខ្លួនរបស់រុស្ស៊ីនៅសហរដ្ឋអាមេរិក។

គណៈកម្មាការរដ្ឋាភិបាល នឹងសម្រេចថាតើទ្រព្យសកម្មណា ដែលត្រូវប្រើប្រាស់តាមសេចក្តីបង្គាប់របស់តុលាការ។ សហរដ្ឋអាមេរិក បានអនុម័តច្បាប់ ដែលអនុញ្ញាតឱ្យប្រទេសនេះរឹបអូសទ្រព្យសកម្ម រុស្ស៊ី នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន។
កាលពីថ្ងៃអង្គារ សមាជិកសហភាពអឺរ៉ុប បានព្រមព្រៀង ប្រើប្រាស់ការប្រាក់លើទ្រព្យសកម្មរបស់ធនាគារកណ្តាលរបស់រុស្ស៊ី សម្រាប់ការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន និងគោលបំណងផ្សេងទៀត។
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសG7 និងទេសាភិបាលធនាគារកណ្តាល ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហានេះនៅកិច្ចប្រជុំក្នុងប្រទេសអ៊ីតាលី ដែលគ្រោងចាប់ផ្តើមនៅថ្ងៃសុក្រនេះ។

កាលពីថ្ងៃព្រហស្បតិ៍ មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារទៅលើទីក្រុង Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរុស្ស៊ី បង្កើនការវាយលុករបស់ពួកគេទៅលើប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ីហ ឃ្លីមេនកូ(Ihor Klymenko) និយាយថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្ស៧នាក់ និងរងរបួស១៧នាក់ទៀត។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy កំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុប ផ្តល់ជំនួយបន្ថែមទៀត។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបាននិយាយពីអ្វីដែលលោកបានព័ណ៌នាថាជា «ភេរវកររុស្ស៊ី» កំពុងទាញយកប្រយោជន៍ពីកង្វះការការពារដែនអាកាសរបស់អ៊ុយក្រែន។