ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការសោកស្ដាយចំពោះការបាក់រលំឆាកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងការជួបជុំមួយផ្នែកនយោបាយ នៅភាគខាងជើងប្រទេសម៉ិកស៊ិក និងបានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។

លោក Lopez Obrador បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក នៅ វិមានជាតិក្នុងទីក្រុង Mexico City ថា យើងសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារអ្នកដែលបានបាត់បង់ជីវិត។ យើងពិតជាសោកស្តាយខ្លាំង។
មនុស្ស៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស កាលពីថ្ងៃពុធ នៅពេលដែលខ្យល់កន្ត្រាក់ភ្លាមៗ បានបំផ្លាញផ្ទាំងអេក្រង់ទូរទស្សន៍ដ៏ធំ និងអំពូលភ្លើងនៅខាងលើក្បាល ដែលបានបាក់រលំមកលើមនុស្សមួយក្រុមកំពុងឈរនៅលើនិងនៅព័ទ្ធជុំវិញឆាក នៅទីចតយុទ្ធនាការមួយក្នុងទីក្រុង San Pedro Garza Garcia ភាគខាងជើង រដ្ឋ Nuevo Leon ។ លោក Lopez Obrador បានបង្ហាញពីសាមគ្គីភាពជាមួយគណបក្សចលនាប្រជាជន ជាគណបក្សនយោបាយ ដែលបានរៀបចំព្រឹត្តិការណ៍នេះ សម្រាប់បេក្ខជនប្រធានាធិបតីរបស់ខ្លួន គឺលោក ចច អាល់វ៉ារ៉េស ម៉េណេស(Jorge Alvarez Maynez) ដែលពុំបានរងរបួស និងបាននិយាយថាអាជ្ញាធរ នឹងស៊ើបអង្កេតអំពីឧប្បត្តិហេតុនេះ។

លោក Lopez Obrador និយាយថា សម្រាប់ពេលនេះ អាទិភាពគឺការថែទាំអ្នករងរបួស និងជួយសង្គ្រោះជីវិត គឺជារឿងសំខាន់បំផុត។ យោងតាមអភិបាលរដ្ឋ Nuevo Leon លោក Samuel Garcia បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ប្រទេសម៉ិកស៊ិក នឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២ ខែមិថុនា ដើម្បីជ្រើសរើសអ្នកបន្តតំណែងពីលោក Lopez Obrador ព្រមទាំងអភិបាលរដ្ឋ អភិបាលក្រុង និងសមាជិកសភា។
