ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកវាលវែងថ្មី ។ ពិធីនេះត្រូវបានធ្វើឡើង នៅទីតាំងនៅសាលាស្រុកវាលវែង ស្ថិតក្នុងឃុំប្រម៉ោយ ដោយបានការចូលរួមពីលោកអភិបាលរង នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត សរុបប្រមាណជា៣០០នាក់។

លោក ធាង ឡេង ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងថ្មី ជាអភិបាលស្រុកវាលវែង ក្នុងពេលនេះ គឺមានឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ (អតីតអធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង) ហើយ លោក វង្ស អេង ដែលជាអភិបាលស្រុកវាលវែងចាស់ ត្រូវទៅទទួលការងារថ្មីនៅរដ្ឋបាលខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានថ្លែងថា មូលដ្ឋានស្រុកវាលវែង មានការអភិវឌ្ឍន៍ រួមទាំងសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវសមិទ្ធផលនានាជាបន្តបន្ទាប់ ហើយកិច្ចការបន្តត្រូវពង្រឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ទន្ទឹមនឹងនេះអាជ្ញាធរស្រុកត្រូវពន្យល់ដល់ប្រជាពលរដ្ឋឲ្យមានករយល់ដឹងឲ្យបានច្រើនការថែទាំសុខភាព ថែមទាំងប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនឡើងក្នុងការបញ្ជូនកូនបានទៅសាលារៀន ការយល់ដឹងអំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដែលធ្វើឲ្យមានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ មានការខិតខំប្រឹងប្រែងរកចំណូល ដើម្បីកាត់បន្ថយភាពក្រីក្ររ។ ឯកឧត្តម អភិបាលខេត្ត បានយកឱកាសនោះសម្ដែងនូវអំណរគុណ និងកោតសរសើរអាជ្ញាធរស្រុកវាលវែង សម្រាប់ភាពជាអ្នកដឹកនាំ គ្រប់គ្រងចាត់ចែង អភិវឌ្ឍន៍ រហូតទទួលបានសមិទ្ធផលជាច្រើន កន្លងមក ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ សាធារណៈជាធំ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងបញ្ជាក់ថា មន្ត្រីរាជការសាធារណៈទាំងអស់ ហ៊ានធ្វើអ្វីៗ ដើម្បីខិតខំដោះស្រាយបញ្ហាជូនប្រជាជនជនមានពិការភាព ជនក្រីក្រ ដោយគ្មានការរើសអើង និងហ៊ានធ្វើអ្វីទាំងអស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋនៅឯមូលដ្ឋាន៕






