ភ្នំពេញ ៖ឯកឧត្តម ហេង រតនា ក្រើនរំលឹកដល់អង្គបោះ ឆ្នោតទូទាំងស្រុកលើកដែក ត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ហើយកុំភ្លេចត្រៀមឯកសារដែលពាក់ព័ន្ធឱ្យបានរួចរាល់។
ឯកឧត្តម ហេង រតនា បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាអង្គបោះ នាថ្ងៃបិទយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ ស្ថិតនៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកលើកដែក ខេត្តកណ្តាលនាថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះឯកឧត្តមបានស្នើដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាទាំងឡាយក្នុងស្រុកលើកដែកប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌ ដែលមានចែងនៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ដើម្បីធានាឱ្យបរិយាកាសនៅក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយប្រព្រឹត្តទៅដោយរលូន។
ឯកឧត្តម ហេង រតនា ក៏បានក្រើនរម្លឹកជូនអង្គបោះឆ្នោតគ្រប់ៗរូបឲ្យបង្កើនការយកចិត្តទុកថែទាំសុខភាពឱ្យបានល្អប្រសើរក្នុងរយៈពេលចុងក្រោយនេះខណៈអាកាសធាតុមានការប្រែប្រួល។ ឯកឧត្តមក៏បានអំពាវនាវដល់អង្គបោះឆ្នោត កុំធ្វើដំណើរទៅណា មកណាឆ្ងាយ និងសូមពិនិត្យ ផ្ទៀងផ្ទាត់ ឯកសារឱ្យបានត្រឹមត្រូវទុកដាក់ឱ្យបានគត់មត់ សម្រាប់ថ្ងៃបោះឆ្នោត និងត្រូវចងចាំចំណាំសញ្ញាគណបក្ស និងលេខរៀងគណបក្សប្រជាជនកម្ពុជាឱ្យបានច្បាស់ សម្រាប់ក្រុមប្រឹក្សាខេត្តមានលេខរៀងទី២ នៃសន្លឹកឆ្នោតក្រុមប្រឹក្សាខេត្ត។ រីឯសម្រាប់ក្រុមប្រឹក្សាស្រុកលើកដែក មានលេខរៀងទី៣ នៃសន្លឹកឆ្នោត។
លោក ចាប ចន្ទ័វិទ្យា ប្រធានគណៈកម្មាធិការគណបក្សស្រុកលើកដែកបានឲ្យដឹងថា ស្រុកលើកដែកមានបេក្ខជនគណបក្សប្រជាជនកម្ពុជាដែលបានឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ឆ្នាំ២០២៤នេះ មានចំនួន ៣៥នាក់ ស្រី៧នាក់ ក្នុងនោះពេញសិទ្ធចំនួន ១៧នាក់ស្រី៣នាក់ និងបេក្ខជនបម្រុងមានចំនួន ១៨នាក់ស្រី៤នាក់៕
អត្ថបទ ៖ ភារម្យ






















