
ទូរទស្សន៍ al-Masirah TV គ្រប់គ្រងដោយក្រុមហ៊ូទី បានរាយការណ៍ថា យន្តហោះចម្បាំងរបស់ក្រុមចម្រុះ អាមេរិក-អង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួនពីរលើក ទៅលើអាកាសយានដ្ឋាន Hodeidah ភាគខាងលិចប្រទេសយេម៉ែន កាលពីយប់ថ្ងៃព្រហស្បតិ៍។
ទូរទស្សន៍ al-Masirah TV បាននិយាយថា ការវាយប្រហារតាមសអាកាសចុងក្រោយ បានកើតឡើងមិនដល់២៤ម៉ោងនោះទេ បន្ទាប់ពីក្រុមចម្រុះ បានវាយប្រហារតាមអាកាសចំនួន៦លើក ទៅលើអាកាសយានដ្ឋានតែមួយនេះ ខណៈក្រុមហ៊ូទី កម្រនឹងបង្ហាញពីចំនួនអ្នកស្លាប់ឬរងរបួសរបស់ខ្លួន ក្នុងការវាយប្រហារ។
អាកាសយានដ្ឋាននេះ មានទីតាំងនៅភាគខាងត្បូងទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah គ្រប់គ្រងដោយក្រុមហ៊ូទី។ ប្រជាជននិយាយថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំង នៅអាកាសយានដ្ឋាន។ ក្រុមចម្រុះ ពុំទាន់បានឆ្លើយតបលើការវាយប្រហារតាមអាកាសដែលត្រូវបានចោទប្រកាន់នេះនៅឡើយទេ ប៉ុន្តែបាននិយាយថាកាលពីថ្ងៃពុធ ថា បានបំផ្លាញយានដ្រូនរបស់ក្រុមហ៊ូទី ចំនួន៤គ្រឿងនៅលើតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី។
អាកាសយានដ្ឋាន Hodeidah នៅតែបិទចាប់តាំងពីចុងឆ្នាំ២០១៤មក នៅពេលដែលក្រុមហ៊ូទី ដណ្តើម បានទីក្រុងជាច្រើននៅភាគខាងជើង រួមទាំងទីក្រុង Hodeidah។ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមហ៊ូទី បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូន ដាក់គោលដៅលើអ្វីដែលពួកគេបាននិយាយថា ជានាវាដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម។
ក្នុងការឆ្លើយតប ក្រុមចម្រុះកងទ័ពជើងទឹកអាមេរិក-អង់គ្លេស ដែលមានមូលដ្ឋាននៅក្នុងដែនទឹក បាននិងកំពុងធ្វើការវាយឆ្មក់តាមអាកាស និងវាយប្រហារដោយមីស៊ីល លើគោលដៅរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន ចាប់តាំងពី ខែ មករា មក។ ទោះជាយ៉ាងណា ចំណាត់ការនេះ បាននាំទៅរកការពង្រីកការវាយប្រហាររបស់ក្រុមហ៊ូទី រួមបញ្ចូលទាំងនាវាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ព្រមទាំងនាវាកងទ័ពជើងទឹក ផងដែរ។