ម៉ិកស៊ីកូ៖ ស្របពេលដែលមានការរីករាលដាលឆ្លងសកលជំងឺ COVID-19 ទីក្រុងម៉ិកស៊ីកូ របស់ម៉ិកស៊ិក បានចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព។
ពួកគេបានបង្កើតជាតង់ផងដែរ នៅតាមទីសាធារណៈ ក៏ដូចជាការធ្វើដំណើរតាមផ្ទះ។ លោកស្រី ម៉ូនីកា រ៉ាមីរ៉េស វ៉ាហ្គាស់ ប្រធានផ្នែកយុត្ថាធិការថែទាំសុខភាព Benito Juárez បាននិយាយថា វាសំខាន់ខ្លាំងណាស់ កាលដែលពលរដ្ឋត្រូវការទទួលវ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ ដែលជារោគសញ្ញាស្រដៀងគ្នា នឹងជំងឺ COVID-19។
ក្រុមមន្ត្រីសុខភាពទីក្រុងម៉ិកស៊ិក បានផ្តល់អាទិភាពការចែកចាយវ៉ាក់សាំងនេះ ដល់មនុស្សងាយរងគ្រោះថ្នាក់។អ្នកស្រី អេរីកា ជ័រឌី គឺជាពលរដ្ឋរស់នៅក្នុងទីក្រុងម៉ិកស៊ិក ដែលបានធ្វើដំណើរទៅទទួលវ៉ាក់សាំងជាមួយប្តីអ្នកស្រី និងកូនស្រី២នាក់ បាននិយាយថា យើងត្រូវតែបញ្ចៀសផុតពីហានិភ័យ វាចាំបាច់ខ្លាំងណាស់ អ្នកស្រីជឿជាក់ថា វ៉ាក់សាំងនេះ នឹងអាចជួយដល់ពួកយើង ។
ខណៈពេលនោះដែរ ក្រុមមន្ត្រីក្រុងម៉ិកស៊ិក រំពឹងថា នឹងអាចចែកចាយវ៉ាក់សាំងបង្ការជំងឺផ្តាសាយធំ ជាង៣លានដូសក្នុងរយៈពេល២–៣ខែទៀតនេះ៕ អត្ថបទ៖ សារ៉ាត់
