
លោក Elon Musk បានរិះគន់ផែនការរបស់លោក ចូ បៃដិន (Joe Biden) សម្រាប់ពន្ធ ១០០ ភាគរយលើរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិន បើទោះបីជាក្រុមហ៊ុន Tesla ត្រូវបានគេត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបានអត្ថប្រយោជន៍ពីពន្ធនេះក៏ដោយ។
លោក Musk បានថ្លែងប្រាប់សន្និសីទបច្ចេកវិទ្យា នៅទីក្រុងប៉ារីសថា លោកចូលចិត្ត «គ្មានពន្ធ» នៅពេលសួរថាតើគោលនយោបាយថ្មីៗរបស់ប្រធានាធិបតីអាមេរិកនេះ នឹងប៉ះពាល់ដល់ក្រុមហ៊ុន Tesla យ៉ាងដូចម្តេច?
កាលពីដើមខែនេះ លោក បៃដិន បាននិយាយថា លោកនឹងដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិនពី ២៥ភាគរយ ទៅ ១០០ភាគរយ ក៏ដូចជាការបង្កើនពន្ធលើគ្រឿងបន្លាស់ផ្សេងៗ ដូចជាអាគុយជា ដើម។
ការសម្រេចនេះ អាចជំរុញក្រុមហ៊ុន Tesla ដែលជាអ្នកលក់រថយន្តអគ្គិសនីដ៏ធំបំផុតរបស់អាមេរិក និងការពារវាពីដៃគូប្រកួតប្រជែងដូចជាក្រុមហ៊ុន BYD ជាក្រុមហ៊ុនផលិតរថយន្តរបស់ចិន ដែលបានគំរាមកំហែងលក់ក្នុងតម្លៃទាបជាងក្រុមហ៊ុនរបស់លោក Musk ឲ្យច្រើន។
លោក Musk បានថ្លែងប្រាប់សន្និសីទ Viva Tech ថា៖ទាំងក្រុមហ៊ុន Tesla និងខ្ញុំ មិនបានស្នើសុំពន្ធទាំងនេះទេ ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេ បានប្រកាសបែបនេះ។
ក្រុមហ៊ុនTesla ប្រកួតប្រជែងបានយ៉ាងល្អនៅក្នុងទីផ្សារក្នុងប្រទេសចិនដោយគ្មានពន្ធគយ និងមិនមានការគាំទ្រផ្សេងទេ ជាទូទៅខ្ញុំពេញចិត្តនឹងការមិនយកពន្ធ។ តាមពិត ខ្ញុំក៏ពេញចិត្តនឹងការលើកទឹកចិត្តមិនយកពន្ធសម្រាប់រថយន្តអគ្គិសនី ( EVs) ហើយការយកពន្ធសម្រាប់ប្រេង និងឧស្ម័ន ក៏ត្រូវតែត្រូវបានលុបចោលផងដែរ។