
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅថ្ងៃសុក្រ (២៤ ឧសភា) នេះថា យ៉ាងហោចណាស់មនុស្ស ៩ នាក់ បានស្លាប់ដោយសង្ស័យថាមកពីជំងឺសុរិយរោគ ឬការថប់ដង្ហើមសន្លប់ដល់ស្លាប់ដោយសារក្ដៅខ្លាំងពេកនៅក្នុងរដ្ឋ រាជស្ថាន (Rajasthan) ភាគខាងលិចរបស់ប្រទេសឥណ្ឌា ដោយសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតស្របពេលមានការព្យាករអំពីរលកកំដៅដ៏ធ្ងន់ធ្ងរ។
ការឡើងកម្ដៅខ្លាំងនៅភាគខាងជើងរបស់ប្រទេសគឺជាមូលហេតុនៃក្តីបារម្ភក្នុងអំឡុងពេលការបោះឆ្នោតសកលដ៏ធំមួយ ហើយរដ្ឋធានីញូវដែលី ត្រូវបានរំពឹងទុកថានឹងបោះឆ្នោតនៅថ្ងៃសៅរ៍ (២៥ ឧសភា) ស្អែកនេះក្នុងសីតុណ្ហភាពដែលព្យាករណ៍ថានឹងមានប្រហែល ៤៥ អង្សាសេ។
សីតុណ្ហភាពរដូវក្តៅរបស់ប្រទេសឥណ្ឌា ជារឿយៗឡើងដល់កម្រិតក្ដៅខ្លាំងបំផុតក្នុងខែឧសភា ប៉ុន្តែអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា នឹងមានថ្ងៃរលកកម្ដៅច្រើនជាងធម្មតាក្នុងឆ្នាំនេះ ដែលភាគច្រើនបណ្តាលមកពីភ្លៀងធ្លាក់តិចតួច និងបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ (El Nino )។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់ការស្លាប់ចំនួនប្រាំបួននាក់នៅក្នុងរដ្ឋ រាជស្ថាន ត្រូវបានគេសង្ស័យថាជាលទ្ធផលនៃមនុស្សធ្លាក់ខ្លួនឈឺក្នុងកម្ដៅដ៏ក្តៅគគុកនេះ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេមិនទាន់បានបញ្ជាក់ពីមូលហេតុនៅឡើយទេ ដោយសារការពិនិត្យសពមិនទាន់បញ្ចប់៕