
យោងតាមឯកសារដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) បានបង្ហាញថា ប្រទេសប្រេស៊ីល និងចិន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមពីភាគីជម្លោះទាំងពីរនេះ។
ឯកសារដែលចុះហត្ថលេខាដោយលោក ស៊ែលសូ អាម៉ូរីម (Celso Amorim) ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីប្រេស៊ីល និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសទាំងពីរនេះជឿជាក់ថា ការចរចាគឺជាដំណោះស្រាយដែលអាចសម្រេចបានតែមួយគត់សម្រាប់ «វិបត្តិអ៊ុយក្រែន»។
ឯកសារនេះបន្ថែមថា ប្រទេសទាំងពីរគាំទ្រសន្និសីទសន្តិភាពអន្តរជាតិមួយ «ធ្វើឡើងក្នុងពេលវេលាសមស្របមួយ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមស្មើគ្នាពីគ្រប់ភាគី ព្រមទាំងការពិភាក្សាដោយយុត្តិធម៌នៃផែនការសន្តិភាពទាំងអស់»។
ប្រទេសរាប់សិបផ្សេងទៀតបានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលនៅក្នុងខែមិថុនា នេះដែលប្រទេសស្វីស រំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់ដំណើរការសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែរុស្ស៊ី មិនត្រូវបានអញ្ជើញោ្យចូលរួមទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្គូវ (Dmitry Peskov) បាននិយាយថា ការប្រជុំនៅខែមិថុនា នេះមិនអាចជា «សន្និសិទសំខាន់ដែលទទួលបានផ្លៃផ្កាធំដុំនោះទេ» ប្រសិនបើពុំមានវត្តមានរបស់រុស្ស៊ី៕