
ជំនួយជាង មួយលានផោន បានទៅដល់ប្រជាជននៅតំបន់ហ្កាហ្សាតាមរយៈកំពង់ផែយោធាថ្មីរបស់សហរដ្ឋអាមេរិក ប៉ុន្តែជំនួយចូលមកនៅទូទាំងតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធ នៅតែទាបជាងកម្រិតដែលក្រុមអ្នកឆ្លើយតប ចង់ឃើញ។
លោកឧត្តមនាវីទោ Brad Cooper មេបញ្ជាការរងនៃទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានអះអាងថា កងទ័ពអាមេរិក បានជួយផ្តល់ជំនួយចំនួន ១,២លានផោនដល់តំបន់ហ្កាហ្សា គិតត្រឹមថ្ងៃព្រហស្បតិ៍។
លោក Cooper បានប្រាប់អ្នកសារព័ត៌មានថា យោធាបាននាំយកជំនួយចំនួន ៨២០ តោនតាមរយៈកំពង់ផែ ទៅកាន់ច្រាំង និងត្រូវបានចាប់ផ្តើមដឹកជញ្ជូននៅសុក្រនេះ ដោយជំនួយចំនួន ១០៦តោន ត្រូវបានបញ្ជូនទៅឲ្យប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
លោកបានបន្ថែមថា៖«បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្តើមដ៏កក់ក្តៅមួយ» ដោយកត់សម្គាល់ថា មានជំនួយរាប់ពាន់តោន កំពុងត្រូវបានបញ្ជូនមក។ «កិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការដើម្បីពង្រីក នៅប៉ុន្មានថ្ងៃខាងមុខនេះ»។
ប៉ុន្តែចំនួនជំនួយចូលទៅទូទាំងតំបន់ហ្កាហ្សា បានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អង្គការសហប្រជាជាតិ បានព្រមានកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងត្រូវបញ្ឈប់ការចែកចាយអាហារ នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការមានកម្រិតប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។