
មនុស្សយ៉ាងហោចណាស់៨នាក់ បានស្លាប់ បន្ទាប់ពីឡរចំហាយទឹកមួយ បានផ្ទុះ នៅក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍។ តាមសេចក្តីរាយការណ៍ ការផ្ទុះ បានកើតឡើង នៅរោងចក្រផលិតគ្រឿងគីមី ក្នុងទីក្រុង Dombivli បណ្តាលឲ្យរងរបួស មនុស្សជាង៥០នាក់។
រូបភាពវីដេអូ បានបង្ហាញពីពពកផ្សែង ហុយឡើងទៅលើអាកាស និងមានកម្ទេចកម្ទីបែកខ្ចាត់ខ្ចាយ បន្ទាប់ពីការផ្ទុះ។ អគ្គិភ័យត្រូវបានគ្រប់គ្រងនៅថ្ងៃសុក្រនេះ ប៉ុន្តែក្រុមអ្នកពន្លត់អគ្គិភ័យ បានបន្តបាញ់ទឹកដើម្បីធ្វើឲ្យត្រជាក់កម្ទេចកម្ទីដែលក្តៅ និងដើម្បីបន្តប្រតិបត្តិការជួយសង្គ្រោះ។
ប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Eknath Shinde បានប្រកាសផ្តល់ប្រាក់សំណងគ្រោះថ្នាក់ចំនួន ៦.១០០ដុល្លារសម្រាប់អ្នកស្លាប់។ ប្រតិបត្តិការជួយសង្គ្រោះ នៅបន្ត ខណៈមូលហេតុសម្រាប់ការផ្ទុះនេះនៅមិនទាន់បានកំណត់នៅឡើយ។
ឧបទ្ទវហេតុឧស្សាហកម្ម គឺជារឿងធម្មតា នៅក្នុងប្រទេសឥណ្ឌា ហើយជារឿយៗត្រូវបានដាក់កំហុសលើមនុស្សដែលបំពានលើបទដ្ឋានសុវត្ថិភាព ព្រមទាំងការត្រួតពិនិត្យធូររលុងរបស់ក្រុមមន្ត្រីរដ្ឋាភិបាល។