ភ្នំពេញ ៖ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានគណបក្សនយោបាយចំនួន ២៩ ជាសមាជិកបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ» និងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការពន្លឿនការស្ថាបនាជីកព្រែកប្រវត្តិសាស្រ្ដមួយនេះឱ្យបានក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ឯកឧត្តម ឈឹម ផលវរុណ បានលើកឡើងថា ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព បណ្ដាប្រតិភូគណបក្សនយោបាយទាំងអស់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងជំរុញដល់រដ្ឋាភិបាលក្នុងការពន្លឿនស្ថាបនាព្រែកជីកហ្វូណនតេជោឱ្យបានច្បាប់ដើម្បីកម្ពុជាអាចមានឯករាជ្យភាពលើវិស័យដឹកជញ្ជូនផ្លូវទឹកនាពេលខាងមុខ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ដែលក្នុងនោះមានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និងកម្រិតវិស្វករចំនួន៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។
ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ។ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម៕
អត្ថបទ៖ វ៉ន ដារ៉ា





