
ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី លោក Alexander Bortnikov បានអះអាងថា ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន បានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការវាយប្រហារដ៏សាហាវទៅលើសាលប្រគុំតន្ត្រីមួយ នៅជិតទីក្រុងមូស្គូ ដែលក្នុងនោះមនុស្សជាង ១៤០នាក់ ត្រូវបានសម្លាប់។
ប្រទេសរុស្ស៊ី ធ្លាប់បានចោទប្រកាន់បែបនេះពីមុនមក។ លោក Bortnikov មិនបានផ្តល់ភ័ស្តុតាង ដើម្បីបញ្ជាក់ការអះអាងរបស់ខ្លួនទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បានដកស្រង់សម្តីលោក Bortnikovថា៖«ការស៊ើបអង្កេត កំពុងបន្ត ប៉ុន្តែវាមានសុវត្ថិភាពរួចទៅហើយក្នុងការនិយាយថា ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន មានការជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការវាយប្រហារនេះ» ។
លោកក៏បានចោទប្រកាន់សម្ព័ន្ធមិត្តយោធាណាតូថា បានសម្របសម្រួលបញ្ជូន «ទាហានស៊ីឈ្នួល និងក្រុមសកម្មប្រយុទ្ធនៃអង្គការភេរវកម្មអន្តរជាតិពីមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអាហ្វហ្គានីស្ថាន» ទៅកាន់អ៊ុយក្រែន ដើម្បីឲ្យពួកគេអាចប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅទីនោះ។
ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនៅសាលប្រគុំតន្ត្រី កាលពីខែមីនា ហើយមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ពួកគេមានព័ត៌មានចារកម្ម ដែលបង្ហាញថា វាត្រូវបានធ្វើឡើងដោយសាខារបស់បណ្តាញរដ្ឋឥស្លាម Khorasan ។ ចំណែកអ៊ុយក្រែន បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានការពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។