
អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅចក្រភពអង់គ្លេស បានអំពាវនាវឲ្យទីក្រុងឡុងដ្រ៍បញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើប្រទេសចិន និងបញ្ឈប់ការចាក់សាំងលើភ្លើងបន្ថែម ជុំវិញបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រ (ទី២៤ ខែឧសភា) នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ (ទី២២ ខែឧសភា) រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Grant Shapps បានចោទប្រកាន់ប្រទេសចិនថា បានផ្តល់ ឬរៀបចំផ្តល់ជំនួយដ៍មហន្តរាយដល់រុស្ស៊ី ដើម្បីឲ្យទីក្រុងមូស្គូយកទៅប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ តែយ៉ាងណាក្ដី លោក Shapps មិនបានផ្តល់ភស្តុតាង ដើម្បីគាំទ្រដល់ការអះអាងរបស់លោកទេ។ លោកបានប្រាប់សន្និសីទមួយ នៅទីក្រុងឡុងដ្រ៍ថា ចារកម្មការពារជាតិរបស់សហរដ្ឋអាមេរិក និងអង់គ្លេស មានភស្តុតាង ដែលបង្ហាញថា «ជំនួយដ៍មហន្តរាយ ឥឡូវនេះ គឺ ឬនឹងត្រូវបាន កំពុងចាកចេញពីចិនទៅកាន់រុស្ស៊ី និងបន្ទាប់មកបញ្ជូនចូលទៅក្នុងទឹកដីអ៊ុយក្រែន។ ខ្ញុំគិតថា នេះគឺជាដំណាក់កាលវិវត្តន៍ដ៏ធំមួយ»។
ដោយឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អ្នកនាំពាក្យស្ថានទូតចិន បានប្រាប់ថា ការលើកឡើងនេះ «គឺមិនមានកើតឡើងនៅកន្លែងណាឡើយ»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «យើងជំរុញឲ្យចក្រភពអង់គ្លេសបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើប្រទេសចិន បញ្ឈប់ការចាក់សាំងលើភ្លើងបន្ថែម ជុំវិញបញ្ហាអ៊ុយក្រែន បង្ហាញឲ្យឃើញយ៉ាងខ្លាំងក្លានូវតួនាទីរបស់ខ្លួនក្នុងសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយធ្វើអ្វីមួយ សម្រាប់សន្តិភាព និងយុត្តិធម៌ពិភពលោកយ៉ាងពិតប្រាកដ»។
ប្រទេសចិនបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងយោធាជាមួយរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មលើប្រទេសទាំង២ ប៉ុន្តែអនុវត្តជាពិសេសលើទីក្រុងមូស្គូ ពាក់ព័ន្ធនឹងការលុកលុយលើអ៊ុយក្រែន។
ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន អ្នកនាំពាក្យរូបនេះបានអត្ថាធិប្បាយថា៖ «ចំពោះបញ្ហាអ៊ុយក្រែន ចិនតែងតែប្រកាន់ខ្ជាប់នូវគោលជំហរដ៏ត្រឹមត្រូវ និងយុត្តិធម៌ ជំរុញឲ្យមានកិច្ចចរចាសន្តិភាពយ៉ាងសកម្ម និងជំរុញឲ្យមានការដោះស្រាយនយោបាយ។ ទាក់ទងនឹងការនាំចេញផលិតផលយោធា ប្រទេសចិនតែងតែប្រកាន់យកនូវអាកប្បកិរិយាប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ ហើយបានគ្រប់គ្រងយ៉ាងខ្ជាប់ខ្ជួននូវការនាំចេញទំនិញប្រើប្រាស់ទាំងសម្រាប់ស៊ីវិល និងយោធា ដែលស្របតាមច្បាប់ និងបទប្បញ្ញត្តិ»៕