
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) បាននិយាយថា សហរដ្ឋអាមេរិកកំពុងដាក់ចេញនូវការដាក់កម្រិតទិដ្ឋាការថ្មីលើហ្សកហ្ស៊ី និងចាប់ផ្តើមពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំង២ ជុំវិញសេចក្ដីស្នើច្បាប់ «ភ្នាក់ងារបរទេស» ដែលទទួលបានការអនុម័តពីសភាហ្សកហ្ស៊ី ក្នុងខែឧសភានេះ។
លោក Blinken ដែលប្រកាសពីចំណាត់ការនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា ច្បាប់នេះនឹង «រារាំងការអនុវត្តសេរីភាពរបស់សមាគម និងការបញ្ចេញមតិ» និងប៉ះពាល់ដល់ការងាររបស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ច្បាប់នេះបានបង្កឲ្យមានការតវ៉ាដ៏ធំ នៅហ្សកហ្ស៊ី ដោយក្រុមប្រឆាំង បានថ្កោលទោសថា វាជាអំពើផ្តាច់ការ និងជាការបំផុសគំនិតដោយរុស្ស៊ី។ តែគណបក្សកាន់អំណាចហ្សកហ្ស៊ី និយាយថា វាចាំបាច់ ដើម្បីធានាឲ្យមានតម្លាភាព ចំពោះការផ្តល់មូលនិធិពីបរទេសរបស់អង្គការមិនមែនរដ្ឋាភិបាល និងការពារអធិបតេយ្យភាពរបស់ប្រទេស។
គោលនយោបាយរឹតបន្តឹងទិដ្ឋាការនេះ នឹងអនុវត្តចំពោះតែបុគ្គល ដែលលោក Blinken បាននិយាយថា «ត្រូវទទួលខុសត្រូវចំពោះ ឬពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅហ្សកហ្ស៊ី» ក៏ដូចជាសមាជិកគ្រួសាររបស់បុគ្គលទាំងនោះ។ លោកបានបន្ថែមថា៖ «នៅពេលយើងពិនិត្យឡើងវិញនូវទំនាក់ទំនង រវាងប្រទេសទាំង២ យើងនឹងគិតគូរពីចំណាត់ការរបស់ហ្សកហ្ស៊ី តាមរយៈការសម្រេចផ្ទាល់ខ្លួនរបស់យើង»៕