សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋ California បានបំផ្លាញទ្រព្យសម្បត្តិ និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញពីលំនៅឋាន ខណៈអាកាសធាតុក្តៅស្ងួត និងខ្យល់បក់ខ្លាំងនៅក្នុងតំបន់កំពុងប្រណាំងប្រជែងជាមួយក្រុមអ្នកពន្លត់អគ្គិភ័យ។

ក្រុមមន្ត្រីបាននិយាយថា លំនៅឋានចន្លោះពី ៣៥ ទៅ ៤០ខ្នង និងសំណង់ផ្សេងទៀតបានឆេះនៅក្នុងភ្លើងឆេះព្រៃរាលដាលដ៏ឆាប់រហ័ស River Fire ដែលបានឆាបឆេះឡើងកាលពីថ្ងៃពុធនៅជិតទីក្រុង Colfax ជាទីក្រុងមួយមានប្រជាជនប្រហែល ២.០០០នាក់រស់នៅ។ ក្នុងរយៈពេលប៉ុន្មានម៉ោងភ្លើងនេះបានឆាបឆេះកម្ពូតព្រៃស្ងួត និងដើមឈើព្រៃជិត ១០គីឡូម៉ែត្រក្រឡា។ យោងតាមមន្ត្រីពន្លត់អគ្គិភ័យបានឱ្យដឹងថា មិនមានការទប់ស្កាត់ទេ ហើយមនុស្សប្រហែល ៦.០០០នាក់ស្ថិតនៅក្រោមការបញ្ជាឱ្យជម្លៀសចេញនៅទូទាំងតំបន់ Placer និង Nevada។
រលកកម្ដៅ និងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ជាប់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុបានធ្វើឱ្យកាន់តែលំបាកខ្លាំង ក្នុងការពន្លត់ភ្លើងឆេះព្រៃនៅភាគខាងលិចអាមេរិក។ មជ្ឈមណ្ឌលពន្លត់អគ្គិភ័យជាតិបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកគាំទ្រជាង ២០.០០០ នាក់កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏សកម្មចំនួន ៩៧កន្លែងដែលគ្របដណ្ដប់លើផ្ទៃដី ៧.៥៦០គីឡូម៉ែត្រក្រឡានៅក្នុងរដ្ឋចំនួន ១៣ របស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន