
តើនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ប្រឈមនឹងហានិភ័យជួបនឹងរូបភាពនៃការស៊ុតបញ្ចូលទីខ្លួនឯងរបស់ក្រុមជម្រើសជាតិ ដោយការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោត អំឡុងការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២៤ នៅខែកក្កដាដែរ ឬទេ? លោក Sunak ដែលខ្លួនលោកផ្ទាល់ ជាអ្នកគាំទ្រកីឡាបាល់ទាត់ម្នាក់ ប្រហែលជាសង្ឃឹមថា នឹងមានការជំរុញដល់យុទ្ធនាបោះឆ្នោតដ៏លំបាករបស់លោក ប្រសិនបើក្រុមជម្រើសជាតិអង់គ្លេសធ្វើបានល្អ ទោះបីជាថា តើវាពិតជាមានទំនាក់ទំនងជាមួយគ្នាមែន ឬយ៉ាងណា រវាងកីឡា និងការបោះឆ្នោត ពោលគឺជាអ្វី ដែលអ្នកជំនាញ មានគំនិតមិនស្របគ្នា។
ដោយសារទម្លាប់របស់ក្រុមជម្រើសជាតិ ដែលតែងបរាជ័យយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្នុងការព្រឹត្តិការណ៍ធំៗ ឱកាសនៃការប៉ះពាល់មួយផ្សេងទៀត ចំពោះចិត្តវិញ្ញាណរបស់ជនជាតិអង់គ្លេស ហាក់ដូចជាកំពុងក្លាយជាទិដ្ឋភាពនៃការបោះឆ្នោត។
លោក Sunak បានប្រកាសដាក់កាលបរិច្ឆេទដោយចៃដន្យ សម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី៤ ខែកក្កដា ជាពេលវេលាដែលការប្រកួតជើងឯកអឺរ៉ុប នៅប្រទេសអាល្លឺម៉ង់ នឹងឈានចូលដល់ដំណាក់កាលដ៏រំភើបបំផុត។ អ្នកបោះឆ្នោតនឹងធ្វើដំណើរទៅបោះឆ្នោតនៅ ៤ ឬ ៥ថ្ងៃ បន្ទាប់ពីការប្រកួតវគ្គចាញ់ធ្លាក់ដំបូងរបស់ប្រទេសអង់គ្លេស ដោយសន្មតថា ក្រុមបានរួចផុតពីការធ្លាក់យ៉ាងអាម៉ាស់ក្នុងវគ្គចែកពូល។
បណ្ដាអ្នកវិភាគនយោបាយ បានផ្តល់ការពន្យល់ដែលមិនទាក់ទងនឹងកីឡា សម្រាប់ការសម្រេចចិត្តរបស់លោក Sunak ក្នុងការដាក់កាលបរិច្ឆេទបោះឆ្នោតមុនកាលកំណត់ ក្នុងនោះរួមទាំងការធ្លាក់ចុះនៃអតិផរណាចំនួន ២ខ្ទង់របស់ចក្រភពអង់គ្លេស ដោយធ្លាក់ដល់ជិត ២ភាគរយ និងជាសញ្ញាថា ផែនការដ៏សំខាន់របស់លោក ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសរ៉្វាន់ដា ប្រហែលជាមិនទាន់ចាប់ផ្ដើមនោះទេ។
តែទោះជាយ៉ាងណាក្ដី ការកំណត់ពេលវេលានេះបានបង្កឲ្យមានការភ្ញាក់ផ្អើល សម្រាប់ការត្រួតស៊ីគ្នាមិនធម្មតានៃយុទ្ធនាការបោះឆ្នោត ជាមួយនឹងប្រតិទិនកីឡារដូវក្តៅ៕