
ប្រទេសហ្វីលីពីនបានបើកប៉ុស្តិ៍ឆ្មាំល្បាតសមុទ្រថ្មី នៅលើកោះមួយ ក្បែរកោះតៃវ៉ាន់ ដើម្បីបង្កើនការឃ្លាំមើល ចំពោះតំបន់ ដែលឃើញមានការបង្កើនកម្លាំងយោធា និងវត្តមានជាញឹកញាប់នៃនាវារបស់ចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រ (ទី២៤ ខែឧសភា) នេះ ទីប្រឹក្សាសន្តិសុខជាតិលោក Eduardo Ano បានប្រាប់ឲ្យដឹងថា ប៉ុស្តិ៍ឆ្មាំល្បាតសមុទ្រហ្វីលីពីន នៅលើកោះ Itbayat ក្នុងខេត្ត Batanes ភាគខាងជើង «គឺជាចំណាត់ការយុទ្ធសាស្ត្រមួយ ដើម្បីបង្កើនការយល់ដឹង អំពីតំបន់ត្រួតត្រាដែនសមុទ្រ និងពង្រឹងវិធានការសន្តិសុខ នៅតាមច្រកសមុទ្រ Luzon»។
លោក Ano បាននិយាយថា ច្រកសមុទ្រ Luzon ដែលស្ថិតនៅចន្លោះកោះដ៏សំខាន់ Luzon របស់ប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ បានឃើញមាន «ការបង្កើនកម្លាំងយោធា» កាលពីឆ្នាំ២០២២ នៅពេលដែលប្រទេសចិនបានឆ្លើយតបទៅនឹងការវិវត្តន៍ផ្នែកនយោបាយ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលទីក្រុងប៉េកាំងអះអាងជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
លោក Ano បានបន្ថែមថា វត្តមានជាញឹកញាប់នៃនាវាស្រាវជ្រាវ ឬអង្កេតដែលមានទង់ជាតិចិន នៅក្នុងច្រកសមុទ្រ Luzon ក៏បានជំរុញឲ្យបង្កើននូវតម្រូវការ ក្នុងការធានាសន្តិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងតំបន់នេះ។ យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ប៉ុស្តិ៍ថ្មីដែលត្រូវបានសម្ពោធឲ្យប្រើប្រាស់ កាលថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) នឹងប្រមូលទិន្នន័យដែនសមុទ្រ និងការស៊ើបការណ៍សម្ងាត់ ដែលនឹងអនុញ្ញាតឲ្យឆ្មាំល្បាតសមុទ្រហ្វីលីពីនឆ្លើយតបទៅនឹងការគំរាមកំហែងនានា ក្នុងនោះរួមទាំងការឈ្លានពានពីបរទេសផងដែរ។
គួរបញ្ជាក់ថា ឆ្មាំសមុទ្រហ្វីលីពីន នៅចុងឆ្នាំ២០២៣ បានសាងសង់មូលដ្ឋានឃ្លាំមើលថ្មីមួយ នៅលើកោះដែលកាន់កាប់ដោយទីក្រុងម៉ានីល ក្នុងសមុទ្រចិនខាងត្បូង ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន ក្នុងការត្រួតពិនិត្យបម្លាស់ទីរបស់នាវាចិន ហើយនិងប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងប៉េកាំង នៅក្នុងដែនទឹកដែលមានជម្លោះ៕