ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ រយៈពេល៨ថ្ងៃរបស់គណបក្សនយោបាយនានា ប្រព្រឹត្តទៅដោយភាពចាស់ទុំ និងមិនមានរូបភាពអវិជ្ជមានណាមួយកើតឡើងឡើយ។
នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការសរុបព្រឹត្តិការណ៍ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ នៅទីស្តីការ គ.ជ.ប។
នាឱកាសនោះ ឯកឧត្តម បញ្ជាក់ថា ក្នុងរយៈពេល៨ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាស សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។
ទន្ទឹមគ្នា ឯកឧត្តម សន្និដ្ឋានថា ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការល្អប្រសើរ ពីបណ្តាភាគីពាក់ព័ន្ធនានា ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងរាជធានី ខេត្តនីមួយៗ។
ក្នុងនោះ ឯកឧត្តម សោម សូរីដា បញ្ជាក់ថា ផ្អែកតាមសកម្មភាពរបស់គណបក្សនយោបាយធ្វើឃោសនារកសំឡេងគាំទ្រឃើញថា មានភាពចាស់ជាងមុនបើធៀបទៅអំឡុងការបោះឆ្នោតសកលឆ្នាំ ២០១២ និង២០១៣។
បន្ថែមលើនេះ ឯកឧត្តម បានលើកឡើងដោយកោតសរសើរចំពោះអាជ្ញាធររាជធានី ខេត្ត ដែលបានផ្តល់កិច្ចសហការជួយសម្របសម្រួល រក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈល្អ ដោយពុំមានការរើសអើង។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែងសរុបនៅទូទាំងប្រទេសចំនួន ១១,៦២២នាក់។ ការបោះឆ្នោតខាងមុខនេះ មានគណបក្សនយោបាយចំនួន៥ចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទះខ្មែរ ,គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៉ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ដោយ ៖ ឧត្ដម






