ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” កាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០២៤ មានសប្បុរសជន៤ស្ថាប័ន បានបន្តចូលរួមបរិច្ចាគថវិកាជូន កាកបាទក្រហមកម្ពុជា ក្រោមធិបតីភាពលោកលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្តាល។
ក្រុមទី១ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងពាណិជ្ជកម្ម ឧបត្ថមថវិកា ៥៨,២១៦,៥០០លានរៀល និង៤០០ដុល្លារអាម៉េរិក, ទី២ ក្រុមហ៊ុន CETIC International Hydropower ឧបត្ថមថវិកា ១ម៉ឺន ដុល្លារអាម៉េរិក, ទី៣ ក្រសួងឧស្សាហម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឧបត្ថមថវិកា ៥០លានរៀល, និងទី៤ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី ឧបត្ថមថវិកា ២០លានរៀល។ ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន លោកជំទាវ ពុំ ចន្ទីនី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា ចូលរួមចំណែក ជាមួយកាកបាទក្រហមកម្ពុជា។ លោកជំទាវឱ្យដឹងថា សកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងជួយសម្រាលការលំបាក ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោកជំទាវបន្តទៀតថា ជំនួយដែលបានមកពីសប្បុរសជនទាំងនេះ គឺបាកបាទក្រហមកម្ពុជា យកទៅធ្វើជាអណ្តូងទឹកស្អាត សាលារៀន សាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន ពិសេសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនក្រីក្រ និងមានពិការភាព ជូនថវិកាទៅមន្ទីរពេទ្យគន្ធបុប្ផា ជូនអាជ្ញាធរមីនជាដើម។ លើសពីនោះទៀត ជួយទៅដល់អង្កការ កុមាកំព្រា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងគ្រោះធម្មជាតិផ្សេងៗទៀត។
សប្បុរជនទាំង៤ខាងលើ ពិតជាក្តីសប្បាយរីករាយ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្តព្រទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ដែលផ្តល់ឱកាសឱ្យក្រុមការងារ បានចែករំលែក និងចូលរួមបរិច្ចាគថវិកាមួយចំនួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា៨ឧសភា ២០២៤នេះ ទុកសម្រាប់ជាជំនួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតដែលត្រូវការឱ្យជួយ។
កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានបរិច្ចាគថវិកា ស្បៀង និង សម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថា នឹងមានសប្បុរសជនជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគធនធាន ប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លាជួយ កាកបាទក្រហមកម្ពុជា ដោយស្ម័គ្រចិត្ត ដើម្បីឲ្យស្ថាប័នមនុស្សធម៌មួយនេះ កាន់តែទទួលបានជោគជ័យថែមទៀត ក្នុងបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះបំផុត៕
អត្ថបទៈ សំ ងីម
























