ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានសត្វព្រៃ និងត្រីចំនួន២ ២៩៤ប្រភេទ ដែលក្នុងនោះមានសត្វព្រៃ និងត្រីចំនួន ១០២ប្រភេទ ដែលជាប្រភេទសត្វកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម (IUCN) ដែលទាមទារត្រូវចូលរួមទាំងអស់គ្នា ក្នុងការថែរក្សា ការពារ និងអភិរក្ស កុំឲ្យដាច់ពូជពីពិភពលោក ។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា នៅកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៣តំបន់ ដែលស្មើនឹងជាង ៤០ភាគរយ នៃផ្ទៃដីប្រទេស ដោយក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធកំពុងធ្វើការអភិរក្ស ខណៈប្រភេទសត្វព្រៃជាច្រើន ត្រូវបង្ហាញវត្តមានបន្តបន្ទាប់ និងកំពុងដាក់កាមេរ៉ាតាមដានសកម្មភាពរបស់ពួកវា នៅក្នុងតំបន់ការពារទាំងនោះ ។
ឯកឧត្តម បានបន្តថា ការគ្រប់គ្រង និងអភិរក្សនេះ ក្រសួងបានកំណត់ប្រភេទសត្វនៅកម្ពុជា ដោយរកឃើញសត្វព្រៃ និងរុក្ខជាតិដ៏មានតម្លៃជាច្រើន ក្នុងនោះថនិកសត្វចំនួន ១៦២ប្រភេទ ចូលបញ្ជីក្រហម ៣៤ប្រភេទ, បក្សីចំនួន ៦០១ប្រភេទ ចូលបញ្ជីក្រហម ៣៩ប្រភេទ, ត្រី ១ ៣៥៧ប្រភេទ ចូលបញ្ជីក្រហម ៩ប្រភេទ និងប្រភេទល្មនចំនួន ១៧៤ប្រភេទ ចូលក្នុងបញ្ជីក្រហម ២០ប្រភេទ ។
ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា ចំពោះសត្វដែលកម្រ និងត្រូវបានចុះនៅក្នុងបញ្ជី IUCN គឺជាសត្វត្រូវការអភិរក្សយ៉ាងតឹងតែង មិនឲ្យបាត់បង់ពីកម្ពុជា ក្នុងនោះមានប្រភេទសត្វបក្សី មានត្រយងយក្ស ត្រយងជាំក និងសត្វគ្រៀលជាដើម ជាប្រភេទដែលងាយរងគ្រោះ ជិតផុតពូជ ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តទៀតថា ក្នុងការងារការពារអភិរក្សព្រៃឈើ និងសត្វព្រៃនេះ គឺចាប់ពីដើមខែមិនា ឆ្នាំ២០២៣ សមត្ថកិច្ចពាក់ព័ន្ធបានឃ្លុំដី ដកហូតដីពីជនល្មើសបានកាប់ទន្ទ្រានដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ បានចំនួនជាង ១ម៉ឺន ៣ពាន់ហិកតា ហើយនឹងត្រូវដាំស្ដារព្រៃឡើងវិញ ចំណែកជនល្មើសត្រូវបញ្ជូនទៅតុលាការចំនួន ២៣នាក់ ។
ជាមួយនេះ ឯកឧត្តម បានអំពាវនាវដល់គ្រប់គ្នាត្រូវខិតខំការពារថែរក្សាព្រៃឈើ ដែលទទួលបាននូវផលប្រយោជន៍ជាច្រើន ដូចជាការរស់នៅ ចំណីអាហារ និងចំណូលក្នុងមូលដ្ឋាន តាមរយៈការលក់កាបូន និងពីទេសចរណ៍ធម្មជាតិជាដើម ដូចនេះត្រូវចូលរួមសហការជាមួយអាជ្ញាធរ មន្ត្រីឧទ្យាននុរក្ស មិនត្រូវចូលកាប់ទន្ទ្រានព្រៃដោយខុសច្បាប់ និងមិនបរបាញ់សត្វព្រៃ ៕
អត្ថបទ ៖ បាន សុខរិទ្ធិ




