តេក្វាន់ដូ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានរៀបចំការប្រកួតវិញ្ញាសាមេគុនបុរស និងនារីតាមអនឡាញលើកដំបូង អំឡុងពេលហ្វឹកហាត់លក្ខណៈបិទខ្ទប់ក្នុងបរិបទកូវីដ-១៩ ដើម្បីតាមដាន និងវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី ពិសេសក្រុមជម្រើសជាតិត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ឬ Team SEA Games 2023 ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
លោក ប៉ាល់ ជីវ័ន្ត គ្រូបង្វឹក និងជាគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជានៅតែបន្ដហ្វឹកហាត់យ៉ាងសកម្ម តាមប្រព័ន្ធ Zoom។ ដូច្នេះដើម្បីស្ទាបស្ទង់សមត្ថភាព និងភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនីម្នាក់ៗ សហព័ន្ធក៏រៀបចំការប្រកួតវិញ្ញាសាមេគុននេះឡើង ដោយមានកីឡាករ ១៧នាក់ និងកីឡាការិនី ៧នាក់ចូលរួម។
ជាលទ្ធផលនៃការប្រកួតសម្រាប់វិញ្ញាសាមេគុនបុរស លេខ១ បានទៅកីឡាករ តាំង សៀសុង, លេខ២ កីឡាករ សុភ័ក្ដ្រ ចន្ទឧត្តម និងលេខ៣ ស្ទួនបានទៅកីឡាករ កាង ប៊ុនឡុង និងកីឡាករ ឃឿន ប៊ុនលាង។ ចំណែកផ្នែកវិញ្ញាសាមេគុននារី លេខ១ បានទៅកីឡាការិនី តូច ឧត្តម, លេខ២ កីឡាការិនី ស៊ុម ហ៊ុនលីន និងលេខ៣ ស្ទួនបានទៅកីឡាការិនី សុជាតិ រ៉ូសាណា និងកីឡាការិនី សុជាតិ មរកត៕
អត្ថបទ៖ លី ឈុនឡា