
ប្រទេសអេហ្ស៊ីប បានគំរាមកាលពីថ្ងៃពុធថា នឹងដកខ្លួនចេញពីការធ្វើជាអ្នកសម្រុះសម្រួលក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្សា បន្ទាប់ពីសារព័ត៌មាន CNN បានរាយការណ៍ថា ទីភ្នាក់ងារចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់ នាពេលថ្មីៗនេះ និងបានធ្វើឲ្យកិច្ចព្រមព្រៀងមួយ បរាជ័យ។
លោក Diaa Rashwan ប្រធាននៃសេវាព័ត៌មានរដ្ឋអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយលើបណ្តាញសង្គមថា៖«ការប៉ុនប៉ងក្នុងធ្វើឲ្យមាន មន្ទិលសង្ស័យ និងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់អេហ្ស៊ីប... នឹងនាំទៅរកការធ្វើឲ្យមានភាពស្មុកស្មាញបន្ថែមទៀតនៃស្ថានការណ៍នៅតំបន់ហ្កាហ្សា និងតំបន់ទាំងមូល ហើយអាចជំរុញឲ្យអេហ្ស៊ីបដកខ្លួនចេញពីការសម្រុះសម្រួលទាំងស្រុងក្នុងជម្លោះបច្ចុប្បន្ន»។
ដោយដកស្រង់សម្តីមនុស្សបីនាក់ដែលដឹងពីការពិភាក្សានេះ សារព័ត៌មាន CNN កាលពីថ្ងៃអង្គារ បាននិយាយថា ទីភ្នាក់ងារចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់ ដែលអ៊ីស្រាអែលបានយល់ព្រមកាលពីដើមខែឧសភានេះ។
នៅពេលដែលក្រុមហាម៉ាស បានប្រកាសកាលថ្ងៃទី ៦ ខែឧសភាថា ខ្លួនទទួលយកកិច្ចព្រមព្រៀងនោះ វាមិនមែនជាសំណើដែលអ្នកសម្រុះសម្រួលពីសហរដ្ឋអាមេរិក និងប្រទេសកាតាគិតថា ត្រូវបានដាក់ជូនក្រុមហាម៉ាស ដើម្បីត្រួតពិនិត្យ នេះបើយោងតាមសារព័ត៌មានCNN។
របាយការណ៍របស់សារព័ត៌មាន CNN បានឲ្យដឹងថា ការផ្លាស់ប្តូរដែលធ្វើឡើងដោយចារកម្មអេហ្ស៊ីប បានបង្កឲ្យមានកំហឹង និងការរើសអើងក្នុងចំណោមមន្ត្រីអាមេរិក អ៊ីស្រាអែល និងកាតា ហើយបានធ្វើឲ្យកិច្ចចរចា ជាប់គាំង។