
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (២៤ ឧសភា) បានព្រមានថា មានហានិភ័យនៃការកើនឡើងនូវអំពើហិង្សានៅក្នុងរដ្ឋ Rakhine របស់សហភាពមីយ៉ាន់ម៉ា ដែលខ្លួនទទួលបាន «របាយការណ៍គួរឲ្យភ័យខ្លាច និងគួរឲ្យព្រួយបារម្ភ» អំពីការសម្លាប់ប្រជាជនរ៉ូហ៊ីងយ៉ា និងការដុតបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ។
ក្រុមជនជាតិភាគតិចប្រដាប់អាវុធដ៏មានឥទ្ធិពលមួយ នៅមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថា ជាកងទ័ព Arakan បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានគ្រប់គ្រងទីក្រុងមួយ នៅភាគខាងលិចរបស់រដ្ឋ Rakhine បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍។ តែក្រុមនេះបានបដិសេធការចោទប្រកាន់ ដែលថា ខ្លួនបានកំណត់គោលដៅលើសមាជិកនៃជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា អំឡុងការវាយលុកនោះ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាននិយាយថា ជនស៊ីវិលរាប់ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយការប្រយុទ្ធគ្នានៅក្នុងទីក្រុងតូច Buthidaung និង Maungdaw ដោយជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៤៥.០០០នាក់ បានរត់ភៀសខ្លួន នៅជិតព្រំដែនជាមួយប្រទេសបង់ក្លាដែស ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព។
អ្នកនាំពាក្យរបស់ OHCHR គឺលោកស្រី Elizabeth Throssell បាននិយាយថា៖ «យើងឃើញពីហានិភ័យយ៉ាងច្បាស់ និងវត្តមាននៃអំពើហិង្សាធ្ងន់ធ្ងរ នៅពេលដែលការប្រយុទ្ធ ក្នុងទីក្រុងជិតខាង Maungdaw បានចាប់ផ្តើមឡើង ជាកន្លែងដែលយោធាបន្តការបោះជំរំ និងជាកន្លែងដែលសហគមន៍រ៉ូហ៊ីងយ៉ាដ៏ធំមួយរស់នៅ ក្នុងនោះរួមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ ដែលបានចាកចេញពីភូមិនានាទៅកាន់ទីក្រុង ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព»៕