អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រតិកម្មទៅនឹងសេចក្តីសម្រេចរបស់តុលាការពិភពលោក ដែលបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយលុករបស់ខ្លួនលើទីក្រុង Rafah តំបន់ហ្កាហ្សា នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។ លោកបាននិយាយថា «ភ័ស្តុតាងនឹងស្ថិតនៅក្នុងការអនុវត្ត»។

ចៅក្រម នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់នូវការវាយលុកដោយយោធារបស់ខ្លួនទៅលើទីក្រុងRafah ភាគខាងត្បូងតំបន់ហ្កាហ្សា នៅក្នុងសេចក្តីសម្រេចបន្ទាន់មួយក្នុងសំណុំរឿង នាំមកដោយប្រទេសអាហ្រ្វិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍។

ខណៈតុលាការយុត្តិធម៌អន្តរជាតិ ឬហៅថាតុលាការពិភពលោក គ្មានមធ្យោបាយអនុវត្តសេចក្តីបង្គាប់របស់ខ្លួន សំណុំរឿងនេះគឺជាសញ្ញាដ៏ពិបាកមួយចំពោះការដាក់ភាពឯកោជាសកលលើអ៊ីស្រាអែល ជុំវិញយុទ្ធនាការរបស់ខ្លួននៅតំបន់ហ្កាហ្សា ជាពិសេសចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមការវាយលុកលើក្រុង Rafah ដែលប្រឆាំងទៅនឹងការសុំអង្វររបស់សម្ព័ន្ធមិត្តជិតស្និតបំផុតគឺសហរដ្ឋអាមេរិក។

សេចក្តីបង្គាប់ ត្រូវបានអនុម័តដោយគណៈកម្មការក្រុមចៅក្រមអន្តរជាតិចំនួន១៥រូប ក្នុងការបោះឆ្នោត១៣ទល់នឹង២សំឡេង ដែលត្រូវបានជំទាស់ដោយចៅក្រមមកពីប្រទេសអ៊ុយហ្គង់ដា និងប្រទេសអ៊ីស្រាអែល តែប៉ុណ្ណោះ។