ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មនុស្សជាង៣០០នាក់ និងលំនៅឋានជាង ១.១០០ខ្នង ត្រូវបានកប់ដោយបំណាក់ដីដ៏ធំ នៅភាគខាងជើង ប្រទេសប៉ាពួ នូវ៉ែលហ្គីនណេ។
មនុស្សរាប់រយនាក់ ត្រូវបានគេបារម្ភថា ស្លាប់នៅក្នុងបំណាក់ដី ដែលបានកើតឡើងនៅភូមិ Kaokalam ក្នុងខេត្ត Enga ចម្ងាយប្រហែល៦០០ គីឡូម៉ែត្រ ភាគពាយព្យរដ្ឋធានី Port Moresby។

សារព័ត៌មាន បាននិយាយថា បំណាក់ដីនៅក្នុងប្រទេសតំបន់ប៉ាស៊ីហ្វិកភាគខាងជើងប្រទេសអូស្ត្រាលីបានកប់មនុស្សជាង៣០០នាក់ និងលំនៅឋាន១.១៨២ខ្នង។
ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃសៅរ៍នេះថា ភូមិចំនួន៦ បានរងផលប៉ះពាល់ ដោយបំណាក់ដីនៅក្នុងតំបន់ Mulitaka ។
អ្នកនាំពាក្យក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គណៈកម្មាធិការជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី នៅទីក្រុង Port Moresby កំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ប៉ាពួ នូវ៉ែលហ្គីណេ សម្រាប់ការវាយតម្លៃបន្ថែមលើទំហំនៃការខូចខាត និងជនរងគ្រោះ។

សារព័ត៌មាន ABC បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា សាកសពចំនួន៤នាក់ ត្រូវបានគេយកចេញពីទីក្រុង បន្ទាប់ពីក្រុមសង្គ្រោះបន្ទាន់បានទៅដល់តំបន់ដែលមានប្រជាជនរស់នៅដាច់ៗពីគ្នា ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បំណាក់ដី បានបិទផ្លូវហាយវ៉េ ធ្វើឱ្យឧទ្ធម្ភាគចក្រត្រូវបានប្រើប្រាស់ ជាមធ្យោបាយតែមួយគត់ដើម្បីទៅដល់តំបន់រងគ្រោះ។
នាយករដ្ឋមន្ត្រី លោក James Marape បាននិយាយថា មន្ត្រីគ្រោះមហន្តរាយ កងកម្លាំងការពារជាតិ និងក្រសួងសាធារណៈការនិងផ្លូវហាយវ៉េ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញ។