ឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជីវភាពបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការកោតសរសើរជូនចំពោះបងប្អូនអតីតយុទ្ធជនដែលបានខិតខំប្រឹងប្រែងដាំដំណាំដាំដុះ ចិញ្ចឹមសត្វ និងប្រកបរបររកស៊ីផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឱ្យបងប្អូនត្រូវខិតខំថែរក្សាសុខភាពដើម្បីបន្តមើលមរតកសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ដែលបងប្អូនអតីតយុទ្ធជន ក្នុងនាមជាប្រតិបត្តិកររបស់សម្តេចតេជោប្រធាន បានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ នាំមកជូនជាតិ មាតុភូមិ និងប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជម្រុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមភូមិ ឃុំ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាលផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ ។ ជាពិសេសត្រូវផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានផ្តល់អត្ថប្រយោជន៍ផ្សេង ឱ្យបងប្អូនអតីតយុទ្ធជនបានយល់ជ្រួតជ្រាប និងការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា៕





