ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌជ្រោយចង្វារ បានកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងស្ទាវមួយក្រុមដេញវាយគ្នាពេញផ្លូវ និងល្មើសបម្រាមគោរចរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
គួរំលឹកផងដែរ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២១ កម្លាំងល្បាតរបស់គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានចុះល្បាតតាមមូលដ្ឋាន និងឃាត់ខ្លួន ក្រុមក្មេងស្ទាវមួយក្រុម មានប្រុសមានស្រីសរុបចំនួន១៨នាក់ បានដេញវាយគ្នាពេញផ្លូវ និងល្មើសបម្រាមគោរចរនៃសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានី នៅចំណុចក្បែរការ៉ាសសាំងតូតាល់ ក្បែរវត្តព្រែកលៀប តាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រារាជធានីភ្នំពេញ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌ បានប្រាប់ថា មុនពេលឈានដល់ការឃាត់ខ្លួន កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះល្បាតក្នុងមូលដ្ឋានខណ្ឌ មកដល់ចំណុចកើតហេតុ ខាងលើ បានប្រឃើញក្រុមក្មេងទំនើង ចំនួន១៨នាក់ ក្នុងនោះមាន ស្រី៤នាក់ ជិះម៉ូតូច្រើនគ្រឿង បង្កហិង្សាដេញ វាយតប់គ្នាពេញផ្លូវ និងល្មើសបម្រាមគោរចរ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះប្រតិបត្តិការឃាត់ខ្លួនតែម្តង។
ន្ទាប់ពីចេញលទ្ធផលតេស្ត ក្រុមក្មេងប្តុសស្រីទាំង១៨នាក់នោះ ត្រូវបានបញ្ជូនខ្លួនបន្ត ទៅកាន់អធិកាដ្ឋានខណ្ឌជ្រោយចង្វារ កសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ កុម្ភះ

