មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ (ទី២៤ ខែឧសភា) បានប្រកាសថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin នឹងជួបជាមួយសមភាគីចិន បន្ទាប់ពីចិនបានធ្វើសមយុទ្ធ ជុំវិញកោះតៃវ៉ាន់ ដោយការធ្វើបែបនេះជាការបង្ហាញនូវសញ្ញាមួយដល់មេដឹកនាំថ្មីរបស់កោះកាន់លទ្ធិប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិកមួយនេះ។

មន្ទីរបញ្ចកោណបាននិយាយថា លោក Austin នឹងជួបជាមួយឧត្តមនាវីឯកចិន លោក Dong Jun នៅពេលដែលពួកគេចូលរួមក្នុងកិច្ចសន្ទនា Shangri-La ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា នៅប្រទេសសិង្ហបុរី ដែលជាការជួបជុំប្រចាំឆ្នាំរបស់មន្ត្រីការពារជាតិមកពីជុំវិញពិភពលោក។

គួរបញ្ជាក់ថា ប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានឡោមព័ទ្ធកោះតៃវ៉ាន់ដោយនាវាចម្បាំង និងយន្តហោះចម្បាំង ដែលជាការសាកល្បងសមត្ថភាពរបស់ខ្លួន ក្នុងការក្រសោបយកកោះនេះ ដែលខ្លួនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន។ ហើយសមយុទ្ធនេះធ្វើឡើងបន្ទាប់ពីមានការចូលកាន់តំណែងរបស់មេដឹកនាំ លោក Lai Ching-te ដែលបានប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រងនេះ។
ជំនួបរបស់លោក Austin ជាមួយលោក Dong ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងកើតមាន ចាប់តាំងពីលោក Austin បានសន្ទនាជាមួយលោក Dong តាមទូរសព្ទ កាលពីខែមេសា ដែលនោះជាកិច្ចពិភាក្សាដ៏មានសារៈសំខាន់លើកដំបូង រវាងប្រមុខការពារជាតិនៃប្រទេសមហាអំណាចទាំង២ ក្នុងរយៈពេលជិត ១៨ខែ៕