ស្ត្រីម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជិត ៧ឆ្នាំ កាលពីថ្ងៃសុក្រ (ទី២៤ ខែឧសភា) ពីបទសម្អាតលុយកខ្វក់ បន្ទាប់ពីមានការកាត់ក្តី នៅតុលាការទីក្រុងឡុងដ្រ៍ ដោយរូបនាងត្រូវបានចោទប្រកាន់ពីបទបំប្លែងកាក់ប៊ីតខន (រូបិយប័ណ្ណគ្រីបតូ) ទៅជាសាច់ប្រាក់ និងទ្រព្យសម្បត្តិ ដើម្បីជួយបិទបាំងដំណើរការឆបោកទឹកប្រាក់ ៥ពាន់លានផោន (៦,៤ពាន់លានដុល្លារ)។

ព្រះរាជអាជ្ញាបានឲ្យដឹងថា លោកស្រី Wen Jian បានជួយលាក់ប្រភពលុយដែលត្រូវបានគេចោទប្រកាន់ថាបានលួចពីអ្នកវិនិយោគចិនជិត ១៣០.០០០នាក់ នៅក្នុងគម្រោងទ្រព្យសម្បត្តិបោកប្រាស់ នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៧។ អ្នកទោសស្រីរូបនេះមិនត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការឆបោកដែលរដ្ឋអាជ្ញាបាននិយាយថា ត្រូវបានរៀបគម្រោងដោយស្ត្រីម្នាក់ទៀត ដែលលោកស្រី Wen ជឿថា ជាអ្នកមានទ្រព្យស្ដុកស្ដម្ភមិនធម្មតាម្នាក់។

ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ នគរបាលអង់គ្លេសបានរឹបអូសហឹបមួយដែលមានទុកកាក់ប៊ីតខនជាង ៦១.០០០កាក់ ដែលនេះធ្វើឲ្យវាជាក្លាយជាការរឹបអូសរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតមួយ តាមរយៈការអនុវត្តច្បាប់ទូទាំងពិភពលោក។ អំឡុងសវនាការរបស់លោកស្រី Wen ព្រះរាជអាជ្ញាបាននិយាយថា កាក់ប៊ីតខន ៦១.០០០កាក់នេះ មានតម្លៃប្រហែល ១,៤ពាន់លានផោន នៅពេលដែលនគរបាលទទួលបានសិទ្ធិចូលទៅរឹបអូស ក្នុងឆ្នាំ២០២១។ តែឥឡូវនេះវាមានតម្លៃជាង ៣ពាន់លានផោន។
លោកស្រី Wen វ័យ ៤២ឆ្នាំ បានបដិសេធបទចោទ ៣ករណី ពាក់ព័ន្ធនឹងការសម្អាតលុយកខ្វក់ ហើយបាននិយាយថា លោកស្រីមិនមានចំណេះដឹងអំពីបទល្មើសឧក្រិដ្ឋដែលទាក់ទងនឹងកាក់ប៊ីតខននោះទេ។ អ្នកទោសរូបនេះត្រូវបានក្រុមប្រឹក្សាតុលាការរកឃើញថា មានទោស ១ករណី ក្នុងខែមីនា ក្រោយការកាត់ក្ដី នៅតុលាការ Southwark Crown តែគណៈវិនិច្ឆ័យមិនអាចឈានដល់ការចេញសាលក្រមលើបទចោទ ២ករណីផ្សេងទៀតទ។ កាលពីថ្ងៃសុក្រ លោកស្រី Wen ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និង ៨ខែ ពីបទសម្អាតលុយកខ្វក់ ដែលលោកស្រីត្រូវបានរកឃើញថា មានទោសពិតប្រាកដមែន៕