ជើងហោះហើរជម្លៀសដំបូងគេ សម្រាប់ក្រុមអ្នកទេសចរបារាំងដែលជាប់នៅលើដែនដី New Caledonia (នូវ៉ែល កាលេដូនី) ដោយសារតែមានកុបកម្ម នៅក្នុងទឹកដីកោះប៉ាស៊ីហ្វិកមួយនេះ បានចេញដំណើរហើយ នៅថ្ងៃសៅរ៍ (ទី២៥ ខែឧសភា) នេះ។ នេះបើតាមការឲ្យដឹងពីគណៈកម្មការជាន់ខ្ពស់របស់ប្រជុំកោះនេះ។

អាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី Noumea នៅតែបិទដដែលអស់រយៈពេលជាងមួយសប្តាហ៍ ហើយជើងហោះហើរពាណិជ្ជកម្មទាំងអស់ ត្រូវបានលុបចោលដោយសារតែភាពចលាចលនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការជាន់ខ្ពស់ ដែលតំណាងឲ្យរដ្ឋបារាំង បានឲ្យដឹងថា៖ «វិធានការបញ្ជូនជនបរទេស និងអ្នកទេសចរបារាំងទៅប្រទេសកំណើតវិញ នៅតែបន្តមាន»។

បើតាមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា អ្នកទេសចរទាំងនោះ បានចេញដំណើរ នៅថ្ងៃទី២៥ ខែឧសភានេះ ពីអាកាសយានដ្ឋាន Magenta ក្នុងទីក្រុង Noumea តាមយន្តហោះយោធាឆ្ពោះទៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។ បន្ទាប់មក ពួកគេនឹងត្រូវបន្តដំណើរតាមជើងហោះហើរពាណិជ្ជកម្មទៅកាន់ប្រទេសបារាំងដីគោក។
គួរបញ្ជាក់ថា ស្ថានការណ៍បានធូរស្រាលជាបណ្តើរៗហើយ សម្រាប់ប្រជាជនជាច្រើនដែលជាប់នៅក្នុងដែនដី ដែលបានចាប់ផ្ដើមមានភាពចលាចល ចាប់តាំងពីថ្ងៃទី១៣ ឧសភា ដោយសារកុបកម្ម ជុំវិញការកែទម្រង់ការបោះឆ្នោតដែលបានគ្រោងទុក។ មនុស្ស ៧នាក់ បានស្លាប់នៅក្នុងអំពើហិង្សានេះ ដោយចុងក្រោយបំផុតបុរសម្នាក់ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃសុក្រ (ទី២៤ ខែឧសភា) ដោយនគរបាលដែលត្រូវបានវាយប្រហារដោយក្រុមបាតុករ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទៅកាន់ប្រជុំកោះនេះ កាលពីថ្ងៃទី២៣ ខែឧសភា នៅក្នុងគោលបំណងបន្ទាន់មួយ ដើម្បីដោះស្រាយវិបត្តិនយោបាយនេះ។ លោកបានសន្យាអំឡុងការធ្វើដំណើរដ៏លឿនដូចផ្លេកបន្ទោររបស់លោកថា កំណែទម្រង់ការបោះឆ្នោតដែលបានគ្រោងទុក «នឹងមិនត្រូវបានដាក់ចេញឲ្យក្លាយជាច្បាប់ជាធរមាននោះទេ»។
ជនជាតិដើមភាគតិច Kanaks បានជំទាស់ថា កំណែទម្រង់ដែលបានគ្រោងទុក នឹងធ្វើឲ្យឥទ្ធិពលរបស់ពួកគេចុះខ្សោយ ដោយការពង្រីកសិទ្ធិបោះឆ្នោតដល់អ្នកចំណូលថ្មី នៅប្រជុំកោះប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រហែល ១៧.០០០គីឡូម៉ែត្រពីប្រទេសបារាំងដីគោក៕