បណ្ដាមេដឹកនាំហិរញ្ញវត្ថុរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នឹងអំពាវនាវឲ្យប្រទេសអ៊ីស្រាអែលរក្សាទំនាក់ទំនងធនាគារដែលមានការពាក់ព័ន្ធគ្នា រវាងធនាគារអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឲ្យប្រតិបត្តិការ ពាណិជ្ជកម្ម និងសេវាកម្មសំខាន់ៗ បន្តមាន។ នេះបើតាមពង្រាងសេចក្ដីថ្លែងការណ៍រួម ដែលសារព័ត៌មាន Reuters បានឃើញ នៅថ្ងៃសៅរ៍ (ទី២៥ ខែឧសភា) នេះ។

សេចក្តីថ្លែងការណ៍ដែលនឹងត្រូវបានចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលនៃក្រុមប្រទេសទាំង៧ នៅភាគខាងជើងប្រទេសអ៊ីតាលី ក៏បានអំពាវនាវឲ្យអ៊ីស្រាអែល «បញ្ចេញប្រាក់ចំណូស្របច្បាប់ដែលបានរក្សាទុកទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន ដោយមើលឃើញពីតម្រូវការសារពើពន្ធបន្ទាន់របស់ដែនដីនេះ»។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍នេះបានបន្លឺឡើងវិញតាមការព្រមានកាលពីថ្ងៃព្រហស្បតិ៍ពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែលបាននិយាយថា ការខកខានក្នុងការបន្តការលើកលែងផ្នែកធនាគារដែលនឹងផុតកំណត់ក្នុងពេលឆាប់ៗនេះ នឹងកាត់ផ្តាច់ការទ្រទ្រង់ជីវិតដ៏សំខាន់ សម្រាប់ដែនដីប៉ាឡេស្ទីន ក្នុងពេលមានជម្លោះដ៏អាក្រក់បំផុត នៅតំបន់ហ្កាហ្សា។
លើសពីនោះទៀត មេដឹកនាំហិរញ្ញវត្ថុ G7 ក៏បានអំពាវនាវឲ្យមានការដកចេញ ឬបន្ធូរបន្ថយវិធានការផ្សេងទៀត «ដែលជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្ម ដើម្បីចៀសវាងការធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរនៅតំបន់ West Bank»៕